សៀមរាប៖ រយៈពេល ៨ខែដើមឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូល ២៣,០៩១,៩៣១ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើន៤១៩,៥៨% ដែលមានភ្ញៀវទេសចរបរទេសសរុប ៤៩៨,៥១៣នាក់ កើនឡើង ៣៥០,៨៦ %។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ។
សម្រាប់ខែសីហា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួនៃ ២,៧៧៤,៥៨៦ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ៥៩,១៤៨នាក់។ បើតាមការបន្តរបស់គ្រឹះស្ថានអង្គរ។
ក្រៅរមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរ ក៏ទទួលបានចំណូលលក់បណ្ណចូលទស្សនានៅប្រាសាទកោះកែរ និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀសផងដែរ ប្រមាណ ៤៩០ ៩០៧ដុល្លារ។
សូមរម្លឹកថា នៅក្នុងឆ្នាំ២០២២ គ្រឹះស្ថានអង្គររកថវិកាពីការលក់សំបុត្រឱ្យភ្ញៀវបរទេសបាន ១១,៧៨លានដុល្លារ ក្នុងនោះចំណូលពីរមណីយដ្ឋានអង្គរមានចំនួន ១១,៥៣លានដុល្លារ, ចំណូលពីប្រាសាទកោះកែរ ៩០ ៤៥០ដុល្លារ និងចំណូលពីកំពង់ផែចុងឃ្នៀស ចំនួន ១៦៥ ៣០៨ដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)