ភ្នំពេញ៖ គម្រោងសាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី (ព្រលានយន្ដហោះអន្ដរជាតិតេជោក្រុងតាខ្មៅ) នៅស្រុកកណ្ដាលស្ទឹង វឌ្ឍនភាពគិតមកដល់ពេលនេះសម្រេចបានប្រមាណ ៥១,១%។
លោក បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដីនិងនគរូបនីយកម្ម និងជាប្រធានក្រុមការងារគាំទ្រដល់ការងាររៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារការដ្ឋានសាងសង់អាកាសយានដ្ឋាន ជាលទ្ធផលគម្រោងសម្រេចបានប្រមាណ ៥១,១% គិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ០២៣។
លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានមានប្រសាសន៍កន្លងមកថា ចំពោះដំណើរការនៃការសាងសង់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី មិនមានបញ្ហាចោទណាមួយគួរឱ្យព្រួយបារម្ភនោះឡើយ ទោះបីកម្ពុជាកំពុងទទួលរងការរំខាន ដោយជំងឺកូវីដ-១៩ក្ដី ក៏ដំណើរការប្រព្រឹត្តិទៅយ៉ាងរលូន។
លោក បានគូសបញ្ជាក់ថា ការសាងសង់នឹងបញ្ចប់រួចរាល់ក្នុងឆ្នាំ២០២៣ខាងមុខនេះ ដោយសារតែក្រុមអ្នកជំនាញបានខិតខំសាងសង់ទាំងយប់ទាំងថ្ងៃ ដោយបានបន្ថែម គ្រឿងចក្រ កម្មករ ធ្វើយ៉ាងណាឱ្យរួចរាល់តាមកិច្ចសន្យាដំណាក់កាលទី១ ក្នុងឆ្នាំ២០២៣នេះ។
នៅពេលដែលព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីសាងសង់រួចរាល់ហើយនោះ ព្រលាននេះ នឹងជួយលើកមុខមាត់ប្រទេសកម្ពុជា ទាំងវិស័យអាកាសចរណ៍ ទាំងវិស័យពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ជាពិសេសរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ បើតាមការបន្ថែមរបស់ លោក ស៊ិន ចាន់សិរីវុត្ថា។
ការសាងសង់ផ្លូវតភ្ជាប់ពីមហាវិថីសម្តេច ហ៊ុន សែន ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទទឹងប្រវែង ៦០ម៉ែត្រ និងបណ្តោយប្រវែង ១៣.៥គីឡូម៉ែត្រ សម្រេចបាន៤៦%។ បើតាមការបន្ថែមទៀតរបស់ លោក ស៊ិន ចាន់សិរីវុត្ថា ផ្លូវនេះត្រូវបានតភ្ជាប់ពីមហាវិថីសម្តេច ហ៊ុនសែន កាត់ផ្លូវជាតិលេខ២ ឆ្ពោះត្រង់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោតែម្តង។
សូមបញ្ជាក់ថា ការងារសាងសង់សម្រាប់ដំណាក់កាលទី១នេះ ត្រូវបានក្រុមហ៊ុនអះអាងថា គ្រោងនឹងចំណាយថវិកា ១៥០០លានដុល្លារ ដែលមិនទាន់គិតបញ្ចូលតម្លៃដីនៅឡើយនោះទេ ដែលអាចនឹងទទួលភ្ញៀវទេសចរបានចំនួន ១៣លាននាក់ ក្នុង១ឆ្នាំ ហើយដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលភ្ញៀវ ទេសចរបានចំនួន ៣០លាននាក់ ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរបានចំនួន ៥០លាននាក់ ក្នុង១ឆ្នាំ។
អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាលសាងសង់នៅលើទំហំ ២៦០០ហិកតា ដែលមានភូមិសាស្ត្រនៅក្នុងខេត្តកណ្តាលជាប់ខេត្តតាកែវ និងមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ក្រោយបញ្ចប់ការសាងសង់ គម្រោងនេះ នឹងក្លាយជាព្រលានយន្តហោះធំជាងគេទី៩ នៅលើពិភពលោក ឬត្រូវបានគេស្គាល់ថាជាអាកាសយានដ្ឋានថ្នាក់៤F៕
ដោយ៖ មឿន ឌីណា (Moeun Dyna)