ភ្នំពេញ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមរយៈមូលនិធិឯកអគ្គរដ្ឋទូត ផ្ដល់ជំនួយ ៤៥ម៉ឺនដុល្លារ ដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់បន្តការងារ អភិរក្សនៅប្រាសាទភ្នំបាខែង។ បើតាមការថ្លែងរបស់ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា។
ការថ្លែងខាងលើរបស់ លោក W. Patrick Murphy នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្នែកវប្បធម៌ រវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។
លោក ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ប្រទេសយើងទាំងពីរមើលឃើញអំពីអំណាចនៃវប្បធម៌ ក្នុងការធ្វើឱ្យមនុស្សមានការរួមរួមគ្នា។ សហរដ្ឋអាមេរិក មានមោទនភាពចំពោះការរួមចំណែករបស់ខ្លួន ក្នុងការជួសជុល និងអភិវឌ្ឍ បេតិកភណ្ឌវប្ប ធម៌នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយៗទៀត។
នៅក្នុងពិធីខាងលើ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ ការបន្តការគាំទ្រការគាំពារ និងអភិរក្សលើវិស័យវប្បធម៌ៗ។
អស់រយៈពេលជាច្រើន ទសវត្សរ៍មកហើយដែលវត្ថុបុរាណរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានលួច និងទទួលទិញដោយ អ្នកធ្វើសមុច្ច័យជាលក្ខណៈឯកជន និងបណ្តាសារមន្ទីរនៅទូទាំងពិភពលោក។ បើតាមការលើកឡើងរបស់ លោកស្រី ភឿង សកុណា បានបញ្ជាក់ថា វត្ថុសិល្បៈច្រើនរាប់មិន អស់រួមមាន វត្ថុបុរាណខ្មែរនានា រូបបដិមា គ្រឿងលម្អស្ថាបត្យកម្ម និងវត្ថុសិល្បៈជាប្រភេទ កុលាលភាជន៍ និងធ្វើពីសំរិទ្ធ ត្រូវបានគេលក់ និងនៅបន្តដាក់លក់ដោយខុសច្បាប់នៅលើទីផ្សារវត្ថុ សិល្បៈអន្តជាតិ។
លោកស្រី បានបន្ថែមថា វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីទប់ស្កាត់ការជួញដូរខុសច្បាប់នូវវត្ថុបុរាណ និងសម្បត្តិវប្បធម៌ គឺអាស្រ័យលើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងភាគីពាក់ព័ន្ធសំខាន់ៗ ដោយផ្អែកលើទីផ្សារលក់វត្ថុសិល្បៈនៅសហរដ្ឋអាមេរិក កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក គឺមានសារៈសំខាន់ណាស់ ក្នុង ការប្រឆាំងនឹងការជួញដូរវត្ថុបុរាណខុសច្បាប់។
សូមបញ្ជាក់ថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ស្ថានទូតអាមេរិកនៅភ្នំពេញ បានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាង កម្ពុជានិងរដ្ឋអាមេរិក នៅសារមន្ទីរជាតិនាថ្ងៃនេះ ដែលជាការបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្តយូរអង្វែងរបស់អាមេរិក ក្នុងការអភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។
កម្ពុជា គឺជាប្រទេសតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានកិច្ចព្រមព្រៀងប្រភេទនេះ។ អនុស្សរណៈនៃការយោគយល់គ្នា ជាលើកដំបូងត្រូវបានចុះហត្ថលេខានៅឆ្នាំ២០០៣។
ការបន្តអនុស្សរណៈនៃការយោគយល់គ្នា រយៈពេល៥ឆ្នាំទៀតនេះ រវាង កម្ពុជានិងអាមេរិក ទាក់ទងនឹង ការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យានៃប្រទេសកម្ពុជា និងកាត់បន្ថយការលួចប្លន់នៃវត្ថុបុរាណដ៏ល្អឯកពីប្រទេសកម្ពុជា។
ការបន្តអនុស្សណៈនៃការយោគយល់គ្នានេះនឹងបន្តការផ្លាស់ប្តូរគ្នានូវវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យា សម្រាប់បំណងផ្នែកវប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ ដើម្បីផ្សព្វផ្សាយឱ្យសាធារណជនយល់កាន់តែច្បាស់ និងផ្តល់តម្លៃ ដល់/បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។
តាំងពីឆ្នាំ២០០១មក អាមេរិក បានផ្តល់ជំនួយជាថវិកាជិត ៦លានដុល្លារ សម្រាប់ការអភិរក្សវប្បធម៌នៅកម្ពុជា ដែលរួមមានជំនួយជាថវិកា សម្រាប់ជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទ ព្រះវិហារ ជួយដល់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បង្កើតបញ្ជីសារពើភណ្ឌតាមប្រព័ន្ធអនឡាញនៃវត្ថុសិល្បៈនៅសារមន្ទីរតាមខេត្តនានា និងអប់រំផ្សព្វផ្សាយដល់សាធារណជនលើការ ការពារបេតិកភណ្ឌវប្បធម៌ៗ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)