ភ្នំពេញ៖ ការប្រកាស និងបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២៣ នឹងផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខ ក្នុងករណីខកខាន មិនបានអនុវត្តកាតព្វកិច្ចពន្ធលើអចលនទ្រព្យតាមកាលចរិច្ឆេទកំណត់ ម្ចាស់អចលនព្រទ្យនឹងទទួលរងនូវការពិន័យ ទោសទណ្ឌផ្សេងៗ ស្របតាមច្បាប់ជាធរមាន។
ដើម្បីផ្ដល់ភាពងាយស្រួលសាមញ្ញ និងទាន់ពេលវេលា អគ្គនាយកដ្ឋានពន្ធដារ បានផ្ដល់ជម្រើសកាន់តែប្រសើរ ដល់ម្ចាស់អចលនទ្រព្យក្នុងការបង់ពន្ធ ក្នុងនោះរួមមាន៖
តាមកម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App, នៅតាមបណ្ដាធនាគារពាណិជ្ជ ឬសាធនាគារពាណិជ្ជដែលជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ, នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ។
សូមបញ្ចាក់ផងដែរថា ពន្ធលើចលនទ្រព្យជាប្រភេទពន្ធប្រចាំឆ្នាំ ដែលប្រមូលលើអចលនទ្រព្យ រួមមាន៖ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលស្ថិតនៅក្នុងរដ្ឋបាលរាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។
ពន្ធលើអចលនទ្រព្យត្រូវប្រមូលពីអចលនទ្រព្យមានតម្លៃលើសពី ១០០ ០០០ ០០០ (មួយរយលាន) រៀល តាមអត្រា ០,១% ដោយត្រូវគណនាតាមរូបមន្តខាងក្រាម៖
• មូលដ្ឋានគិតពន្ធ = (កម្លៃអចលនទ្រព្យ * ៨០%) - ១០០ ០០០ ០០០ • ពន្ធអចលនទ្រព្យ = មូលដ្ឋានគិតពន្ធ * ០,១%
ពន្ធលើអចលនទ្រព្យក៏ត្រូវបានលើកលែងផងដែរចំពោះ៖
- អចលនទ្រព្យដែលជាដីធ្លីកសិកម្ម
- អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័នរាជរដ្ឋាភិបាល
- អចលទ្រព្យដែលជាកម្មសិទ្ធិរបស់សហគមន៍ ឬបុគ្គលណាមួយដែល ៖
• ត្រូវបានរៀបចំឡើងនិងដំណើរការសម្រាប់គោលដៅសុទ្ធសាធនាងសាសនានិងសប្បុរសធម៌
• គ្មានចំណែកណាមួយនៃអចលនទ្រព្យ ឬប្រាក់ចំណូលដែលត្រូវបានប្រើប្រាស់ជាប្រយោជន៍ឯកជន
- អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់បេសកកម្មការទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការ បច្ចេកទេសរបស់រដ្ឋាភិបាលដទៃទៀត
- អចលនទ្រព្យដែលជាហេដ្ឋារចនាសម្ព័ន្ធ មានជាអាទិ៍ ផ្លូវ ស្ពាន ប្រព័ន្ធផលិតទឹកស្អាត ឬផលិតអគ្គិសនី ព្រលានយន្តហោះ កំពង់ផែ ស្ថានីយអយស្ម័យយាន រួមបញ្ចូលទាំងអគារ និងការិយាល័យដែលបប្រើផ្ទាល់ដល់សកម្មភាពនៃហេដ្ឋារចនាសម្ព័ន្ធទាំងនោះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)