ភ្នំពេញ៖ ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣ ការផ្លាស់ប្តូរទំនិញរវាង កម្ពុជា-ចក្រភពអង់គ្លេស សម្រេចបានទឹកប្រាក់សរុប ៤៩៦,៣៣លានដុល្លារ ថយចុះ ១៤,៦% បើធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២២។ បើតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
កម្ពុជានាំទៅអង់គ្លេស ៤៤១លានដុល្លារ ថយចុះ ១៦,៤% ខណៈ អង់គ្លេសនាំមកកម្ពុជាវិញ ៥៥,៣៣លានដុល្លារ កើន ៣,១%។ បើតាមការបន្តនៅក្នុងស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តទៀតថា សម្រាប់ខែកក្កដា ឆ្នាំ២០២៣ ការផ្លាស់ប្តូរទំនិញមានទឹកប្រាក់ ៨៨,៣លានដុល្លារ ធ្លាក់ចុះ ២៩,៣៣% កម្ពុជា នាំទំនិញចេញ ៨០,០១លានដុល្លារ ធ្លាក់ចុះ ៣០,២% ហើយអង់គ្លេសនាំមកកម្ពុជា ៨,២៩លានដុល្លារ ធ្លាក់ចុះ ១៣,៤ភាគ%។
ទំនិញកម្ពុជានាំទៅចក្រភពអង់គ្លេស រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង កាបូប កង់ ផលិតផលកសិកម្ម, រីឯ អង់គ្លេសនាំមកកម្ពុជា មានដូចជា រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី និងគ្រឿងអេឡិចត្រូនិក ជាដើម។ បើតាមការលើកឡើងរបស់ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលភ្នំពេញនប៉ុស្តិ៍បានស្រង់សំដី។
បើតាម លោក លឹម ហេង បានបញ្ជាក់ថា ការបញ្ជាទិញពីអង់គ្លេសធ្លាក់ចុះគឺដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោកដែលកំពុងកើតមាន សង្គ្រាមរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យមានការរឹតបន្តឹងការចំណាយ។ ការនាំចេញរបស់កម្ពុជា នឹងអាចល្អឡើងវិញទាល់តែកំណើនសេដ្ឋកិច្ចពិភពលោកល្អ។
មូលហេតុដែលទំហំពាណិជ្ជកម្មកម្ពុជា-អង់គ្លេស ពិសេសការនាំចេញរបស់កម្ពុជាធ្លាក់ចុះ គឺដោយសារកំណើនសេដ្ឋកិច្ចពិភពលោកមិនល្អ។ បើតាមការលើកឡើងរបស់ លោក ហុង វណ្ណៈ អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា។
លោក បានបន្តថា សញ្ញានេះបានលេចឡើងតាំងពីដើមឆមាសទី២ ឆ្នាំ២០២២ ពោលគឺបន្ទាប់ពីសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ផ្ទុះឡើង ហើយក្នុងដំណាក់កាលនេះ ការធ្វើពាណិជ្ជកម្មអន្តរជាតិបានធ្លាក់ចុះនៅស្ទើរគ្រប់គោលដៅ ពិសេសការនាំចេញផលិតផលមិនមែនម្ហូបអាហារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)