Register Already an agent ? Login

អូស្ត្រាលី ផ្ដល់បច្ចេកទេសឌីហ្សាញកម្រាលផ្លូវ ដល់កម្ពុជាដើម្បីបង្កើនភាពធន់ ឱ្យឆ្លើយតបទៅនឹងការកើនឡើងទំហំចរាចរណ៍

ភ្នំពេញ៖ ក្រុមអ្នកជំនាញP4I និង AustRoads របស់អូស្ត្រាលី បានផ្ដល់នូវបច្ចេកទេសឌីហ្សាញកម្រាលផ្លូវថ្នល់ ឱ្យឆ្លើយតបទៅនឹងការកើនឡើងនៃទំហំចរាចរណ៍ និងដើម្បីបង្កើនភាពធន់ ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបានបើកវគ្គសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “បទដ្ឋានឌីហ្សាញកម្រាលផ្លូវថ្នល់”។

សិក្ខាសាលាពិគ្រោះយោបល់លើ "បទដ្ឋានឌីហ្សាញកម្រាលផ្លូវ" បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្រោមសហអធិបតីភាព លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយ លោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្តល់ឱកាសសម្រាប់អ្នកជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យមើលឡើងវិញនូវអ្វីដែលធ្លាប់បានធ្វើ និងបទពិសោធន៍កន្លងមកលើការងារឌីហ្សាញ និងការសាងសង់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីបានជាធាតុចូលសំខាន់ៗ នៅក្នុងការឌីហ្សាញកម្រាលផ្លូវ សម្រាប់ជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា ឱ្យឆ្លើយតបទៅនឹងការកើនឡើងនៃទំហំចរាចរណ៍ និងដើម្បីបង្កើនភាពធន់ ឱ្យសមស្របទៅនឹងការប្រែប្រួលអាកាសធាតុ ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។

នៅក្នុងសិក្ខាសាលា រដ្ឋមន្រ្តីក្រសួងសាធារណការ​ និងដឹកជញ្ជូនថ្មី បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអូស្ត្រាលី តាមរយៈឯកអគ្គរដ្ឋទូត ដែលបានផ្តល់ជំនួយបច្ចេកទេសដល់ ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈកម្មវិធីភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (P4I) និង AustRoads។

លោក ប៉េង ពោធិ៍នា បានរម្លឹកថា សម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន កម្មវិធីនេះបានផ្តល់នូវការគាំទ្រដល់ការធ្វើបច្ចុប្បន្នភាពស្តង់ដារឌីហ្សាញ សម្រាប់ការសាងសង់ ស្ពាន ផ្លូវថ្នល់ ប្រព័ន្ធលូ និងបទដ្ឋានបច្ចេកទេសសំណង់ ដែលត្រូវបានរៀបចំឡើងតាំងពីដើមឆ្នាំ២០០០ ក្រោមជំនួយឥតសំណងពីប្រទេសអូស្ត្រាលី។

ក្រៅពីគម្រោងនេះ ក្រសួងក៏កំពុងសហការជាមួយ P4I និងសមាគមធនធានទឹកអូស្ត្រាលី (Australian Water Association- AWA) ក្នុងការរៀបចំយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងវិស័យគ្រប់គ្រងទឹកកខ្វក់ ដើម្បីធ្វើឱ្យប្រសើរនូវការងារអភិវឌ្ឍន៍ និងគ្រប់គ្រងទឹកកខ្វក់ ប្រកបដោយនិរន្តរភាព និងស្របតាមបទដ្ឋាននៃការវិនិយោគលើបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ។ បើតាមការលើកឡើងបន្តរបស់ លោក ប៉េង ពោធិ៍នា។

ក្រៅពីនេះ លោក រដ្ឋមន្ត្រី បានលើកឡើងពីជំនួយគួរឱ្យកត់សម្គាល់មួយចំនួន ដែលផ្តល់ដោយរដ្ឋាភិបាលអូស្ត្រាលី ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមាន៖ ជំនួយក្នុងការស្តារឡើងវិញនូវបណ្តាញផ្លូវថ្នល់ ដែលត្រូវបានបំផ្លិចបំផ្លាញក្នុងប្រទេស ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ២០០០ ជំនួយលើការសាងសង់ស្ពានបាឡេតិ៍ជាច្រើន នៅតាមផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ និងការផ្តល់ជំនួយគាំទ្រផ្នែកបច្ចេកទេសក្នុងការរៀបចំ។

លោក បានបន្ថែមថា ជាមួយគ្នានេះ ក៏មានការបោះពុម្ពឯកសារស្តង់ដារឌីហ្សាញសម្រាប់ផ្លូវថ្នល់ ស្ពាន និងប្រព័ន្ធលូ ព្រមទាំងបទដ្ឋានលក្ខណៈបច្ចេកទេសសំណង់ ដែលបានបោះពុម្ពក្នុងឆ្នាំ២០០៣ ហើយបច្ចុប្បន្ន កំពុងត្រូវបានប្រើប្រាស់ដោយក្រសួង ក្នុងការឌីហ្សាញ និងសាងសង់ ជាពិសេសសម្រាប់គម្រោងហិរញ្ញប្បទានដែលផ្ដល់ដោយដៃគូអភិវឌ្ឍន៍របស់យើង។

នាឱកាសនោះ លោក ប៉េង ពោធិ៍នា បានសំណូមពរដល់រដ្ឋាភិបាលអូស្ត្រាលី បន្តការគាំទ្រនិងពិនិត្យលទ្ធភាពក្នុងការវិនិយោគបន្ថែមទៀត ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ អនាម័យទីក្រុង និងឯកសារស្ដង់ដារបច្ចេកទេសនានា ក៏ដូចជាការកសាងសមត្ថភាពស្ថាប័ន ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ដែលកំពុងប្រឈមនាពេលបច្ចុប្បន្ន និងដើម្បីលើកកម្ពស់ការរីកចម្រើនប្រកបដោយបរិយាបន្នសម្រាប់កម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)