ភ្នំពេញ៖ គម្រោងកសាងផែនការមេសម្រាប់សញ្ញាជំនួយនាវាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានលើកយកមកប្រជុំពិភាក្សាបន្ត រវាងភាគីកម្ពុជា និងកូរ៉េ កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។
គណៈកម្មការគ្រប់គ្រងគម្រោងកសាងផែនការមេសម្រាប់សញ្ញាជំនួយនាវាចរណ៍នៅកម្ពុជា ដឹកនាំដោយ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង បានប្រជុំ ដើម្បីពិនិត្យមើលលទ្ធផល វឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តសម្រាប់ក្រុមការងារ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យមើលសកម្មភាព លទ្ធផលការងារកន្លងមក និងលើកទិសដៅការងារបន្ត សម្រាប់ក្រុមការងារទាំងមូល និងជាលទ្ធផល ភាគីកូរ៉េនឹងបន្តផ្តល់គម្រោងជំហានទី២ ដែលគ្រោងនឹងចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២៥ ខាងមុខ ចំពោះសេចក្តីព្រាងផែនការមេសម្រាប់សញ្ញាជំនួយនាវាចរណ៍នេះ ភាគីកូរ៉េ នឹងមកឱ្យភាគីកម្ពុជា ដើម្បីធ្វើការត្រួតពិនិត្យផ្តល់ធាតុចូលបន្ថែម។
ជាមួយគ្នានេះផងដែរ ភាគីកូរ៉េ ក៏នឹងបន្តផ្តល់នូវឧបករណ៍សម្ភារបច្ចេកទេសសម្រាប់ដំឡើងសញ្ញាជំនួយនាវាចរណ៍ ព្រមនឹងវគ្គបណ្តុះបណ្តាលជំនាញទាំងនៅក្នុងប្រទេសកម្ពុជា និងការសិក្សាយកបទពិសោធន៍នៅសាធារណរដ្ឋកូរ៉េ ជូនដល់មន្រ្តីបច្ចេកទេសកម្ពុជាផងដែរ។
សូមរម្លឹកថា គម្រោងខាងលើ ដែលបានប្រជុំកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ភាគីកម្ពុជាក៏បានសំណូមពរឱ្យខាងភាគីកូរ៉េបន្តផ្តល់គម្រោងផែនការមេសម្រាប់សញ្ញាជំនួយនាវាចរណ៍ជំហានទី២ ដោយបន្ថែមវិសាលភាពលើការសិក្សាដាក់ពោងសញ្ញាជំនួយនាវាចរណ៍នៅទន្លេមេគង្គលើទន្លេមេគង្គក្រោម និងទន្លេបាសាក់ផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)