កំពង់ចាម៖ គិតចាប់ពីខែតុលា ឆ្នាំ២០០៣ ដល់បច្ចុប្បន្ន ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បញ្ចប់ជាស្ថាពរនូវការផ្ដល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋមានចំនួន ៧៦២,៥៩៩ក្បាលដី ស្មើនឹង ៨៣% និងបានចេញបណ្ណកម្មសិទ្ធិចំនួន ៧២៣.៥៨៨បណ្ណ ស្មើនឹង ៨០%។
នៅក្នុងកិច្ចប្រជុំពិភាក្សាវឌ្ឍនភាព និងបញ្ហាប្រឈមនៃការចុះបញ្ជីដីធ្លី ធ្វើឡើងកាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ លោក ម៉ា ហូឌី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម បានលើកឡើងថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធខេត្តកំពង់ចាម មានចំនួន ៩ស្រុក និង ១ក្រុង ស្មើនឹង ១០៥ឃុំ និង ៤សង្កាត់ មានភូមិចំនួន ៩១៦ភូមិ។
លោក បានញ្ជាក់ថា ពេលបច្ចុប្បន្ន បានបញ្ចប់ជាស្ថាពរ នូវការផ្ដល់ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋចំនួន ៤ស្រុក និង ១ក្រុង ដែលបានប្រមូលក្បាលដីគូស និងបញ្ចូលក្នុងកុំព្យូទ័រ មានចំនួន ៧៦២,៥៩៩ក្បាលដី ស្មើនឹង ៨៣% និងការចេញបណ្ណកម្មសិទ្ធិចំនួន ៧២៣.៥៨៨បណ្ណ ស្មើនឹង ៨០% នៃក្បាលដីប៉ាន់ស្មានរបស់ខេត្តកំពង់ចាមទាំងមូលមាន ៩២៤,៤២១ក្បាលដី។
បើតាមកិច្ចប្រជុំខាងលើក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ប្រធានមន្ទីរដដែល បានលើកឡើងបន្តថា ការងារចុះបញ្ជីដីធ្លីបច្ចុប្បន្ន មានចំនួន ៧ក្រុមវាល ដែលកំពុងអនុវត្តនៅស្រុកចំនួន ៥ ហើយក្បាលដីប៉ានស្មានសរុបនៅសល់បច្ចុប្បន្នមានចំនួន ២០០.១០៨ក្បាលដី។
លោក ម៉ា ហូឌី បានលើកឡើងបន្ថែមថា ដោយឡែក ចំពោះដីរដ្ឋវិញ អាជ្ញាធរបានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមានចំនួនសរុប ៤,៩៥៥ក្បាលដី។ ដីរដ្ឋ ដែលបានចុះបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋមានចំនួនសរុប ២,៦៥៥ក្បាលដី ក្នុងនោះ បានចេញបណ្ណកម្មសិទ្ធិ ២,២០៩ក្បាលដី កំពុងដំណើរការចេញបណ្ណកម្មសិទ្ធិ ៣ក្បាលដី នៅសល់មិនបានធ្វើបណ្ណកម្មសិទ្ធិ ៤១៣ក្បាលដី។
លោក អ៊ុន ចាន់ដា ដែលបានដឹកនាំកិច្ចប្រជុំខាងលើ បានណែនាំមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋជូនប្រជាពលរដ្ឋឱ្យសម្រេចតាមផែនការ។ លោក បានបញ្ជាក់ថា រាជរដ្ឋាភិបាល គ្រោងយកខេត្តកំពង់ចាម ធ្វើជាខេត្តគំរូក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋឱ្យបានចប់សព្វគ្រប់ ១០០% នាចុងឆ្នាំ២០២៣ ឬ ដើមឆ្នាំ២០២៤ ខាងមុខនេះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)