ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្មី បានដាក់ចេញគោលដៅយុទ្ធសាស្រ្តចំនួន៣ ក្រោមចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព ភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ឆ្ពោះទៅកាន់អនាគតថ្មី ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងធម្មជាតិ»។
ការដាក់ចេញយុទ្ធសាស្រ្តទាំង៣ ទាំង៣ខាងលើ របស់ លោក សុខ សូកេន នៅក្នុងពិធីសំណេះសំណាល ជាមួយ លោក ថោង ខុន អតីតរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងមន្រ្តីក្រោមឱវាទនៃសាមីក្រសួង សរុបប្រមាណ ៤០០នាក់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។
លោក សុខ សូកេន បានគោរពវាយតម្លៃខ្ពស់កោតសរសើរ និងដឹងគុណចំពោះ លោក ថោង ខុន ជាថ្នាក់ដឹកនាំប្រកបដោយសមត្ថភាព និងទេពកោសល្យ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការចូលរួមយ៉ាងសកម្មដើម្បីសម្រេចបានសមិទ្ធផលជាច្រើនអនេកក្នុងវិស័យទេសចរណ៍។ ជាមួយគ្នានេះដែរ លោក ក៏បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ ដែលបានខិតខំបំពេញការងារយ៉ាងល្អប្រសើរ និងអំណរគុណក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការជាតិនិងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍ទេសចរណ៍នានា ដែលបានគាំទ្រ និងផ្ដល់កិច្ចសហការយ៉ាងល្អប្រសើរក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។
ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨, យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១, គោលនយោបាយនិងផែនការយុទ្ធសាស្រ្តសំខាន់ៗពាក់ព័ន្ធនឹងវិស័យទេសចរណ៍ លោក សុខ សូកេន បានដាក់ចេញនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត ក្រោមចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព ភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ឆ្ពោះទៅកាន់អនាគតថ្មី ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងធម្មជាតិ» សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍សកលឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា។
លោក បានគូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវចក្ឋុវិស័យនេះ នឹងដាក់ចេញគោលដៅយុទ្ធសាស្រ្តចំនួន៣ រួមមាន៖ ១-ភាពប្រកួតប្រជែងទេសចរណ៍ ២-ចីរភាពទេសចរណ៍ និង៣-បរិយាបន្នទេសចរណ៍ និងមានសសរស្ដម្ភយុទ្ទសាស្រ្តចំនួន៥ ហៅកាត់ថា «បង្កើន៥ -BUILD» ព្រមទាំងមានសមាសធាតុគាំទ្រដោយការងារអាទិភាពចំនួន៣ ហៅកាត់ថា «អភិវឌ្ឍ៣ -3Ds» ដើម្បីធ្វើយ៉ាងណាសំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ព្រមទាំងបង្កើនប្រសិទ្ធភាព សុខដុមនីយកម្មក្នុងការងារសម្របសម្រួលរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតួអង្គទាំងអស់ ដែលមានតួនាទីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។
នាឱកាសនោះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្មី បានអំពាវនាវឱ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់ ដោយឈរលើអភិក្រមភាពជាដៃគូចតុភាគី «រដ្ឋ-ឯកជន-ប្រជាពលរដ្ឋ-ដៃគូអភិវឌ្ឍន៍» ធ្វើយ៉ាងណាបង្កើនសកម្មភាពវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន។
នាឱកាសនោះដែរ លោក ថោង ខុន បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងទេសចរណ៍ ត្រូវរួមសហការគ្នាអនុវត្តការងារដែលក្រសួង និងរដ្ឋមន្ត្រី សុខ សូកេន ប្រគល់ជូន ត្រូវរួមគ្នាអនុវត្តគោលនយោបាយជាតិទាំងឡាយដែលបានប្រកាសឱ្យអនុវត្តរួចហើយនោះ ព្រមទាំងកម្មវិធីនយោបាយជាតិរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកសម្រេចឱ្យបាននូវសមិទ្ធជូនជាតិមាតុភូមិបន្ថែមទៀត និយាយជារួម និងសមិទ្ធផលក្នុងវិស័យទេសចរណ៍ជាតិ និយាយដោយឡែក។
គួរជម្រាបថា ក្រសួងទេសចរណ៍មានចក្ខុវិស័យនៅឆ្នាំ២០២៥ នឹងទទួលបានទេសចរអន្តរជាតិ ៦.៤លាននាក់ ជាមួយទេសចរជាតិ ១៦.៧លាននាក់ ហើយនៅឆ្នាំ២០២៦ នឹងទទួលបានទេសចរអន្តរជាតិ ៧លាននាក់ ជាមួយទេសចរជាតិ ១៧លាននាក់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)