ភ្នំពេញ៖ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសមានកាតព្វកិច្ច គណនា ប្រកាស និងបង់ប្រាក់ពន្ធ ដោយខ្លួនឯង។ នេះបើតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍លេខ២១ នៃអគ្គនាយកដ្ឋានពន្ធដារ បានបន្តថា ដោយឡែក រដ្ឋបាលសារពើពន្ធមានតួនាទីផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវ នៃការបំពេញកាតព្វកិច្ច។
នៅក្នុងកម្មវិធីពន្ធដារកម្ពុជា ដែលផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក (Facebock page) ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣ លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ បានលើកឡើងថា ប្រព័ន្ធពន្ធដារកម្ពុជា ត្រូវបានកំណត់របបកំណត់ពន្ធតែមួយគត់ គឺរបបស្វ័យប្រកាស ដែលបានកំណត់ឱ្យអ្នកជាប់ពន្ធមានកាតព្វកិច្ចប្រកាស និងបង់ប្រាក់ពន្ធ តាមការពណនាដោយខ្លួនឯងស្របតាបច្បាប់ និងលិខិតបទដ្ឋានតតិយុត្តស្តីពីពន្ធដារ និងស្ថានភាពជាកស្ដែងនៃការធ្វើអាជីវកម្មរបស់ខ្លួន។
លោក អេង រតនា បានគូសបញ្ជាក់ថា ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃការបំពេញកាតព្វកិច្ចសារពើពន្ធរបស់អ្នកជាប់ពន្ធរដ្ឋបាលសារពើពន្ធនឹងពិនិត្យផ្ទៀងផ្ទាត់លើលិខិតប្រកាសពន្ធ និងដាក់កម្មវិធីសវនកម្មមានកម្រិត ឬពេញលេញ ដោយផ្តោតលើហានីភ័យរបស់សហគ្រាស។
ក្រៅពីការប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែនិងប្រចាំឆ្នាំ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវបំពេញកាតព្វកិច្ចសារពើពន្ធផ្សេងទៀត ដែលមានជាអាទិ៍ ការកាន់កាប់បញ្ជីកាគណនេយ្យ និងឯកសារពាក់ព័ន្ធឱ្យបានត្រឹមត្រូវ ចេញវិក្កយបត្រដែលមានគ្រប់និទ្ទេសស្របតាម វិធានវិក្កយបត្រនៅពេលលក់ទំនិញឬសេវា ធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាសនៅពេលមានការផ្លាស់ប្ដូរជាដើម។ បើតាមការបន្ថែមរបស់ លោក អេង រតនា។
ក្នុងករមិនបានបំពេញកាតព្វកិច្ច ឬបំពេញកាតព្វកិច្ចមិនបានត្រឹមត្រូវ អ្នកជាប់ពន្ធត្រូវប្រឈមនឹងការពិន័យទោសទណ្ឌពីរដ្ឋបាលសារពើពន្ធ ដូចជាការកំណត់ពន្ធឡើងវិញ រួមមានពន្ធបន្ថែម ការប្រាក់យឺតយ៉ាវ និងអំពើរាំងស្ទះ ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌរផ្សេងទៀត។ បើតាមការគូសបញ្ជាក់បន្តទៀតរបស់ ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ លោក អេង រតនា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)