ភ្នំពេញ៖ រយៈពេល ៧ខែ ឆ្នាំ២៩២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពីប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកបានជាង ៤៦លានដុល្លារ។ នេះបើតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍លេខ២១ នៃអគ្គនាយកដ្ឋានពន្ធដារ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។
ក្នុងបដិវត្តឧស្សាហកម្ម ៤.០ សេដ្ឋកិច្ចឌីជីថល កំពុងមានការរីកលូតលាស់ឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធឡិចត្រូនិក (e-Commerco) ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ពិសេសការធ្វើប្រតិបត្តិការពាណិជ្ជកម្ម រួមទាំងប្រតិបត្តិករថ្នាលអេឡិចត្រូនិក (Electronic platform Operator) ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។
យោងតាមលទ្ធផលនៃកិច្ចប្រជុំបូកសរុបការងារប្រមូលចំណូលពន្ធប្រចាំខែកក្កដា រយៈពេល ៧ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញតួលេខពីការប្រមូលចំណូលពន្ធក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២៣ ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerco) មានចំនួន ១៨៦,៧៩ប៊ីលានរៀល (ប្រមាណជា ៤៦,១២លានដុល្លារ)។
សូមបញ្ជាក់ផងដែរថា អនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន អគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្ដើមប្រមូលអាករលើ តម្លៃបន្ថែមពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerco) ពីខែមេសា ឆ្នាំ២០២២ ហើយគិតមកដល់បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន៧៦ បានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ ដែលមានជាអាទិ៍ META, GOOGLE, YOUTUBE, TIK TOK, NETFLIX៕
ដោយ៖ មឿន ឌីណា (Moeun Dyna)