Register Already an agent ? Login

ការប្រមូលពន្ធលើអចលនទ្រព្យ ក្រសួងសេដ្ឋកិច្ច រំពឹងប្រមូលចំណូលពន្ធដារនឹងសម្រេចបានដល់ ១០៧.៥១% ឆ្នាំ២០២៣

ភ្នំពេញ៖ ការប្រមូលពន្ធលើអចលនទ្រព្យនៅតែមានបញ្ហាប្រឈម ទោះបីជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរំពឹងថា ការប្រមូលចំណូលពន្ធដារនឹងសម្រេចបានដល់ ១០៧.៥១% នៅដំណាច់ឆ្នាំ២០២៣។ នេះបើតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍លេខ២១ នៃអគ្គនាយកដ្ឋានពន្ធដារ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា តាមការប៉ាន់ស្មានរហូតដល់ដំណាច់ឆ្នាំ២០២៣ ចំណូលពន្ធដារនឹងសម្រេចបានប្រមាណ១០៧.៥% នៃច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិរបស់អគ្គនាយកដ្ឋានពន្ធដារ។

ក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២៣ ពន្ធ-អាករសរុប ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ៩ ៣៦៧,៤៤ប៊ីលានរៀល (ប្រមាណជា ២ ៣១២,៩៥លានដុល្លារ) ស្មើនឹង ៦៤.៧៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ បើតាមព្រឹត្តិបត្រព័ត៌មានដដែល។

ព្រឹត្តិបត្រព័ត៌មានដដែល បានបន្តថា តែទោះជាយ៉ាងនេះក្តី បើពិនិត្យពីលទ្ធផលនៃការប្រមូលចំណូលពន្ធតាមប្រភេទពន្ធវិញ មានប្រភេទពន្ធមួយចំនួននៅតែមានបញ្ហាប្រឈម ជាក់ស្ដែងក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៣ ការប្រមូលពន្ធលើររចលនទ្រព្យ របស់អគ្គនាយកដ្ឋានពន្ធជារ ក៏សម្រេចបានចំនួន ៥៦,៩៩ប៊ីលានរៀល (ប្រមាណជា ១៤,២៥លានដុល្លារ) បើប្រៀបធៀបនឹងផែនការប្រចាំឆ្នាំ២០២៣ ទើបតែសម្រេចបាន ៣៦.៩៩% ប៉ុណ្ណោះ។

ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងចៀសវាងការផាកពិន័យលើម្ចាស់អចលនទ្រព្យដែលមិនបានបំពេញកាតព្វកិច្ចពន្ធនេះបាន ទាន់ពេលវេលា កាលពីថ្ងៃទី១១ខែសីហាឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតជូនដំណឹងស្តីពីការម្លឹកលើកទី២ ការប្រកាស បង់ពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ ក្នុងការក្រើនរំលឹកម្ចាស់អចលនទ្រព្យមួយចំនួនដែលនៅ មិនទាន់បានបំពេញកាតព្វកិច្ចប្រកាសនិងបង់ប្រាក់ពន្ធ ឱ្យមករូសរាន់បង់ប្រាក់ពន្ធយ៉ាងយឺតបំផុតត្រឹម ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ជាកំណត់។ ចំពោះការខកខានមិនបានបំពេញកាតព្វកិច្ចសារពើពន្ធនេះ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាលស្របតាមច្បាប់ ស្តីពីសារពើពន្ធ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)