ភ្នំពេញ៖ វិនិយោគិន និងធុរជន មកពីទីក្រុងហ្វ៊ួចូវ ខេត្តហ្វ៊ូជៀន ប្រទេសចិន មកកម្ពុជាដើម្បីសិក្សាស្វែងយល់អំពីបច្ចុប្បន្នភាពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ ព្រមទាំងកាលានុវត្តភាពនិងបរិយាកាសវិនិយោគនៅកម្ពុជា។
លោក ជា វុទ្ធី អគ្គលេខាធិការស្តីទីគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (គ.ស.ព.) បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហគ្រិន ដឹកនាំដោយ លោក Xu Shiwen ប្រធានសហព័ន្ធសហគ្រាសប្រចាំទីក្រុងហ្វូចូវ ដែលមានធុរកិច្ច លើវិស័យរ៉ែនិងថាមពល, កម្មន្តសាលម៉ាស៊ីនកម្តៅនិងម៉ាស៊ីនត្រជាក់, ទេសចរណ៍, សណ្ឋាគារប្រចាំខេត្តហ្វូជៀន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
នៅក្នុងជំនួបនេះ លោក ជា វុទ្ធី បានស្វាគមន៍គណៈប្រតិភូដែលបានមកកាន់ទឹកដីព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីបច្ចុប្បន្នភាពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ ព្រមទាំងកាលានុវត្តភាព ហើយនិងបរិយាកាសវិនិយោគនៅកម្ពុជា។
នាឱកាសនោះ អគ្គលេខាធិការស្តីទី គ.វ.ក. បានលើកឡើងអំពីសក្តានុពលលើវិស័យ និងសកម្មភាពវិនិយោគនានាដូចមានចែងក្នុងមាត្រា២៤ នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលជាឱកាសសម្រាប់វិនិយោគិនក្នុងការដាក់ទុនវិនិយោគដើម្បីទទួលបានផលចំណេញបន្ថែមពីលើកិច្ចសម្រួល និងការលើកទឹកចិត្តដែលផ្តល់ដោយរាជរដ្ឋាភិបាល។
បើតាមជំនួបពិភាក្សានេះ លោក ជា វុទ្ធី បានបង្ហាញជំនឿចិត្តថា គណៈប្រតិភូខេត្តហ៊្វូជៀននឹងសិក្សាសមិទ្ធិលទ្ធភាពលើវិស័យដែលសហគ្រាសមានចំណាប់អារម្មណ៍ ក្នុងគោលដៅសម្រេចបាននូវការវិនិយោគប្រកបដោយវិបុលភាព និងចីរភាព។
លោក បានគូសបញ្ជាក់ថា ស្របពេលដែលរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយ បណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រពីរដ្ឋសភានៃកម្ពុជាឱ្យបន្តការពារសន្តិភាព បន្តការអភិវឌ្ឍ ចំពោះការអញ្ជើញមកស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជារបស់គណៈប្រតិភូនាពេលនេះ បានឆ្លុះបញ្ចាំងការជឿទុកចិត្តលើរដ្ឋាភិបាលថ្មី និងបានគាំទ្រដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាដ៏កក់ក្តៅ។
បរិយាកាសនោះដែរ មន្រ្តីជាន់ខ្ពស់កម្ពុជារូបនេះ សង្ឃឹមយ៉ាងមុតមាំថា វិនិយោគិននិងធុរជនដែលបានអញ្ជើញមកសិក្សានាឱកាសនេះនឹងទាញយកប្រយោជន៍ជាអតិបរមាពីការវិនិយោគលើវិស័យដែលកម្ពុជាកំពុងមានសក្តានុពល។
លោក បានបញ្ជាក់ទៀតថា តាមរយៈរូបភាពវិនិយោគដោយផ្ទាល់ ឬដោយចូលហ៊ុនជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជនដើម្បីបម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារតំបន់និងអន្តរជាតិ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)