ភ្នំពេញ៖ មហាវិថីសំរោង ដែលមានប្រវែង ៥,២០០ម៉ែត្រ និងទទឹង៣០ម៉ែត្រ ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍បឹងសំរោង ភូមិសំរោងកណ្ដាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋនៅភាគខាងជើងរាជធានីភ្នំពេញ ពិសេសសម្រួលចរាចរណ៍មួយផ្នែកធំនៅតំបន់ស្ពានព្រែកព្នៅ។
ពិធីសម្ពោធនេះ បាននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងសម្តេចតេជោ ហ៊ុន សែន នៅភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។
លកោក ឃួង ស្រេង បានមានប្រសាសន៍ថា មហាវិថី សំរោងនេះ នឹងក្លាយជាមុខមាត់ថ្មី ក៏ដូចជាសរសៃឈាមដ៏សំខាន់នៅភាគខាងជើងរាជធានីភ្នំពេញ ដោយតភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ផ្លូវក្រវាត់ក្រុងទី៣ កាត់តាមបុរីភូមិសំរោង ជួយសម្រួលដល់ចរាចរណ៍មួយផ្នែកធំនៅតំបន់ស្ពានព្រែកព្នៅ។
លោក បានបន្តថា មហាវិថីនេះ មានប្រវែង ៥,២គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ មកកាន់ផ្លូវ១៣០ ត្រង់ផ្លូវទំនប់កប់ស្រូវដែលជាផ្លូវក្រវាត់ក្រុងទី៣ នឹងជួយសម្រួលដល់ការធ្វើដំណើរសម្រាប់ប្រជាជននៅតំបន់ព្រែកព្នៅ ទៅកាន់គ្រប់បណ្តាខេត្តទាំងអស់ ពិសេសភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុផងដែរ។
វិស័យឯកជនបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការស្ថាបនាផ្លូវនេះឡើង ដើម្បីទុកឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់បានយូរអង្វែង ហើយផ្លូវនេះក៏ជាសសៃឈាមដ៏សំខាន់ដែលធ្វើអោយជីវភាពប្រជាពលរដ្ឋនៅភាគខាងជើងរាជធានីភ្នំពេញ មានភាពធូធា។ បើតាមការបន្តទៀតរបស់ លោក ឃួង ស្រេង។
គួរបញ្ជាក់ថា មហាវិថី សំរោង បានចាប់ផ្តើមសាងសង់ឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ និងបានបញ្ចប់ការដ្ឋានកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ប្រវែងសរុប ៥,២០០ម៉ែត្រ ទទឹងផ្លូវ៣០ម៉ែត្រ ជាប្រភេទផ្លូវបេតុងអាមេ ៣ស្រទាប់ កម្រាស់សរុប៨,២តឹក ដែលមាន គន្លងឡានម៉ូតូ ៩ម៉ែត្រ សួនកណ្ដាល ២ម៉ែត្រ ផ្លូវថ្មើរជើង ៥ម៉ែត្រ។
ជាមួយគ្នានេះ ប្រព័ន្ឋលូ២ សម្រាប់រំដោះទឹកភ្លៀង និងទឹកកខ្វក់ ប្រវែង ២០,៤១២ម៉ែត្រ មុខកាត់លូរំដោះទឹកភ្លៀងទំហំ ១ម៉ែត្រ មុខកាត់លូរំដោះទឹកកខ្វក់ទំហំ ១ម៉ែត្រ មានបង្គោលភ្លើងប្រភេទសូឡា អមជុំវិញផ្លូវ ចំនួន ៣៧៧ដើម និងដាំដើមឈើសរុប អមសងខាងផ្លូវ និងនៅក្នុងសួនកណ្តាលផ្លូវ ចំនួន ១៣៦៤ដើម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)