ភ្នំពេញ៖ ចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជា-ចិន ក្នុងក្របខ័ណ្ឌគោលនយោបាយវិថីសូត្រ ខ្សែក្រវ៉ាត់ សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្ស៍ទី២១ បានប្តេជ្ញាខិតខំរួមគ្នាជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ នេះ។ បើតាមការលើកឡើងមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា។
លោក រាជ រ៉ា រដ្ឋលេខាធិការ តំណាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក “ពិព័រណ៍កម្ពុជា-ហុងកុង” នៅ Factory Phnom Penh នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ បានលើកឡើងថា កម្ពុជា និងចិន បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា អស់រយៈពេល៦៥ឆ្នាំ មកហើយ។
តាមរយៈទំនាក់ទំនងការទូតនេះ ភាគីទាំង២ កម្ពុជា-ចិន បានបង្កើនចំណងមិត្តភាពទ្វេភាគីកាន់តែរឹងមាំ និងស៊ីជម្រៅពីមួយឆ្នាំ ទៅមួយឆ្នាំ និងបានឈានឡើងមួយកម្រិតពីមិត្តភាពដែកថែប ទៅជាមិត្ត ភាពកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងបានប្តេជ្ញារួមគ្នាជំរុញសកម្មភាពពាណិជ្ជកម្ម ឱ្យដល់កម្រិតគោលដៅដ៏ប្រសើរមួយ។ បើតាមការលើកឡើងបន្តរបស់ លោក រាជ រ៉ា។
លោក បានគូសបញ្ជាក់ថា ចំណងមិត្តភាពនេះ ចាប់ផ្តើមមានអានុភាពខ្លាំងឡើងទ្វេដងនិងទទួលបានផលប្រយោជន៍ទាំងសងខាង។ ចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌគោលនយោបាយវិថីសូត្រ ខ្សែក្រវ៉ាត់ សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្ស៍ទី២១ បានប្តេជ្ញាខិតខំរួមគ្នា ជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ កម្ពុជា-ចិន និងប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ពាន់ លានដុល្លារ ក្នុងឆ្នាំ២០២៣ នេះ។
តាមរយៈគោលនយោបាយវិថីសូត្រខ្សែក្រវ៉ាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវ-ត្ស៍ទី២១ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានធ្វើកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រួមគ្នាលើវិស័យសំខាន់ៗ ដូចជា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការកសាងសមត្ថភាព តំបន់សេដ្ឋកិច្ចពិសេស វប្បធម៌ ទេសចរណ៍ ហិរញ្ញវត្ថុ និងការការពារអេកូបរិស្ថាន។ បើតាមការលើកឡើងបន្ថែមរបស់ លោក រាជ រ៉ា បានបន្ថែមទៀតថា ថ្មីៗនេះកម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កន្លងទៅ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង ដែលបានចូលជាធរមានកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១។
លោក រាជ រ៉ា បានបគូសបញ្ជាក់ទៀតថា កត្តាទាំងអស់នេះ បានធ្វើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ កាន់តែរីកចម្រើនមួយកម្រិតទៀត ដោយក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មសរុបសម្រេចបានជាង ១១,៦៨៦ លានដុល្លារ កើនឡើងប្រមាណ ៥% បើធៀបនឹងឆ្នាំ២០២១។ លោក បន្តថា ជាមួយគ្នានេះដែរក្នុងឆ្នាំ២០២២ កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជា-ហុងកុងនៃប្រទេសចិន សម្រេចបានជាង ១ពាន់លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញទៅហុងកុងមានជាង ១៨២លានដុល្លារ និងនាំចូលពីហុងកុងវិញជាង ៨២៦លានដុល្លារ។
លើសពីនេះ អត្ថប្រយោជន៍ ដែលទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី បានធ្វើឱ្យមានកំណើននៃការនាំចេញជាបន្តបន្ទាប់ ជាក់ស្តែងក្នុងរយៈពេល ត្រីមាសទី១ ដើមឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិន ចំនួនជាង ៥ម៉ឺនតោន កើនឡើង៤៩,៨% បើធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២១ កន្លងទៅ។ បើតាមការបន្តទៀតរបស់ លោក រាជ រ៉ា បានបន្ថែមថា
រីឯការនាំចេញផ្លែចេកស្រស់ ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣ កម្ពុជា បាននាំចេញផ្លែចេកស្រស់ ទៅកាន់ទីផ្សារប្រទេសចិន បានជាង ៨ម៉ឺនតោន ដែលមានតម្លៃនាំចេញចំនួន ៥២លានដុល្លារ។
មន្រ្តីជាន់ខ្ពស់ដដែល បានលើកឡើងបន្ថែមទៀតថា ចំពោះគម្រោងវិនិយោគវិញ ទោះស្ថិតក្នុងគ្រាលំបាកដែលបណ្តាលមកពីការកើតឡើងនូវជំងឺកូវីដ-១៩ កាលពីពេលកន្លងទៅ ចិនបានដាក់ទុនវិនិយោគនៅកម្ពុជា មានចំនួន ១៨៦គម្រោង គិតជាទឹកប្រាក់សរុបចំនួនប្រមាណ ៤,០០០លានដុល្លារ។
ក្នុងរយៈពេល៧ខែឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានទំហំទឹកប្រាក់ ២៧ពាន់លានដុល្លារ ថយចុះ១៥,៦% ធៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ២០២២, ការនាំចេញរបស់កម្ពុជាសម្រេចបាន ១៣ពាន់លានដុល្លារ ថយចុះ១,៨% ហើយការនាំចូលវិញមានចំនួន ១៤ពាន់លានដុល្លារ ថយចុះ២៥,៦%។ បើតាមការលើកឡើងឱ្យដឹងពីមន្រ្តីជាន់ខ្ពស់ដដេល បានបន្តថា បើទោះបីជាទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាមានការថមថយបន្តិចក្តី ប៉ុន្តែទំហំពាណិជ្ជកម្មកម្ពុជា-ចិន នៅតែបន្តកំណើន ដោយក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣ កម្ពុជា-ចិន សម្រេចបានពាណិជ្ជកម្មរួមគ្នាជាង ៧ពាន់លានដុល្លារ កើនឡើង ១,៨% ដែលក្នុងនោះកម្ពុជានាំចេញទៅចិនមានជាង ៨១៤លានដុល្លារ កើនឡើង១៦,២% និងនាំចូលពីប្រទេសចិនមានជាង ៦,២៧លានដុល្លារ កើនឡើង ០,១៤%។
ក្នុងនាមក្រសួងពាណិជ្ជកម្មកម្ពុជា លោក រាជ រ៉ា បានវាយតម្លៃខ្ពស់ និងសូមស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះគណៈគ្រប់គ្រងក្រុមហ៊ុន Major Global Marketing Co., Ltd ដែលមានលោកស្រី May Cheng ជាតំណាងនៅទីនេះ បានខិតខំដឹកនាំក្រុមហ៊ុន សហគ្រាសធំៗមកពីហុងកុង នាំយកផលិតផលនិងសេវាមកចូលរួមដាក់តាំងបង្ហាញ និងធ្វើជំនួបពាណិជ្ជកម្មជាមួយពាណិជ្ជករកម្ពុជា ដើម្បីផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគទៅវិញទៅមក រវាងកម្ពុជ និងហុងកុង។
លោក បាមនបញ្ជាក់ថា សង្ឃឹមយ៉ាងមុតមាំថាព្រឹត្តិការណ៍ពិព័រណ៍នេះគឺជាវេទិកានៃជំនួប និងការចាប់ដៃគូរពាណិជ្ជកម្ម (Businesses Matching) រវាងកម្ពុជា-ហុងកុងនៃប្រទេសចិន ដែលនឹងជួយជំរុញឱ្យពាណិជ្ជកម្ម វិនិយោគទេសចរណ៍នៃកម្ពុជា-ហុងកុងនៃប្រទេសចិនកាន់តែមានលំហូរកាន់តែខ្លាំងខ្លាបន្ថែមទៀត។
នាឱកាសនោះ លោក រាជ រ៉ា បានស្នើសុំគណៈកម្មការរៀបចំពិព័រណ៍ ខិតខំប្រមូលកៀគរពាណិជ្ជករ ក្រុមហ៊ុនសហគ្រាសហុងកុង និងមកពីតំបន់ផ្សេៗនៃប្រទេសចិន មកចូលរួមព្រឹត្តិការណ៍ពិព័រណ៍ឱ្យបានច្រើនថែមទៀតនៅប្រទេសកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)