ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបាន ប្រមាណជា ២ ៣១២,៩៥លានដុល្លារ រយៈពេល ៧ខែ ដើមឆ្នាំ២០២៣ សម្រេចបានជិត ៦៥ភាគរយ នៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
រយៈពេល ៧ខែ ដើមឆ្នាំ២០២៣ ចំណូលពន្ធ-អាករដែល ប្រមូលបានមានចំនួន ៩ ៣៦៧,៤៤ប៊ីលានរៀល (ប្រមាណជា ២ ៣១២,៩៥លានដុល្លារ) ស្មើនឹង ៦៤,៧៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ បើធៀបនឹងចំណូលពន្ធអាករក្នុងរយៈពេល៧ខែ ដូចគ្នាឆ្នាំ២០២២ ដែលមានប្រមាណ ២,២១ពាន់លានដុល្លារ គឺកើនឡើង ៤,៦៥ ភាគរយ។
សម្រាប់ ក្នុងខែកក្កដា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែល អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ៩៧៣,៧៦ប៊ីលានរៀល (ប្រមាណជា ២៤០,៤៣លានដុល្លារ) ស្មើនឹង ៦,៧៣% នៃផែនការច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៣ លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ទោះបីជាការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារនៅបន្ត រក្សាបានសញ្ញាវិជ្ជមានក៏ដោយ ក៏បញ្ហានៃភាពមិនប្រាកដប្រជានិងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល ដែលបង្កដោយសារការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក និងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានប៉ះពាល់ដល់បណ្តាប្រទេសដែលជាប្រភពទុនសម្រាប់វិនិយោគធំៗបកកម្ពុជា។
លោក បានគូសបញ្ជាក់ថា ការណ៍នេះធ្វើឱ្យមានកំណើននៃអតិផរណា ដែលអាចជាហានិភ័យក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធមិនបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និងពិសេស មូលដ្ឋានក្នុងការព្យាករផែនការសម្រាប់ឆ្នាំបន្ទាប់។
ចំណូលពន្ធដារកើនឡើងមានន័យថា សកម្មភាពសេដ្ឋកិច្ច និងអាជីវកម្មនោះក្នុងប្រទេស កំពុងមានដំណើរទៅមុខល្អ ព្រោះបើអាជីវកម្មបិទទ្វារ ចំណូលពន្ធដារ ឬពន្ធផ្ទៃក្នុង ក៏នឹងធ្លាក់ចុះដែរ។ បើតាមការលើកឡើងរបស់ លោក ហុង វណ្ណៈ អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបន្តថា កំណើនចំណូលពន្ធដារ គឺបានមកពីការខិតខំរបស់អគ្គនាយកដ្ឋានពន្ធដារ តាមរយៈការផ្សព្វផ្សាយ និងកែសម្រួលនីតិវិធីបង់ពន្ធជាបន្តបន្ទាប់ ខណៈ ផ្នែកឯកជនក៏មានការយល់ដឹងកាន់តែច្រើនពីកាតព្វកិច្ចបង់ពន្ធរបស់ពួកគេ។
លោក បានបញ្ជាក់ថា ចំណូលពន្ធ គឺជាប្រភពថវិកាដ៏សំខាន់ សម្រាប់រដ្ឋាភិបាលនៃប្រទេសនីមួយៗ យកទៅអភិវឌ្ឍប្រទេស តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ និងដើម្បីទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិឱ្យមកបណ្ដាក់ទុនផងដែរ។
គូសបញ្ជាក់ថា ច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានកំណត់ឱ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលឱ្យបានចំនួនប្រមាណ ៣ ៥៧១,៥៤លានដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)