ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម ពីខែមករា-កក្កដា ឆ្នាំ២០២៣ សម្រេចបាន ៣ ៧២៧.១៨លានដុល្លារ ធ្លាក់ចុះ ១% បើធៀបនឹងឆ្នាំ២០២២ មានចំនួន ៣ ៧៦៥.៨៦លានដុល្លារ។ បើតាមស្ថិតិអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
កម្ពុជា នាំទំនិញទៅវៀតណាម ក្នុងទឹកប្រាក់សរុប ១ ៥៩៩.៥៥លានដុល្លារ កើនឡើង ២០,៦% បើធៀបគ្រាឆ្នាំ២០២២ ដែលមានចំនួន ១ ៣២៦.៥១លានដុល្លារ រីឯ វៀតណាមនាំទំនិញមកកម្ពុជា ក្នុងទឹកប្រាក់ ២ ១២៧.៦៣លានដុល្លារ ថយចុះ ១២,៨% ពីចំនួន ២ ៤៣៩,៣៥លានដុល្លារ។ បើតាមការបន្តនៅក្នុងស្ថិតិអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពី មានទឹកប្រាក់សរុប ៦ ១៣៥.៧៦លានដុល្លារ កើន ១៩,៦% ធៀបឆ្នាំ ២០២១ ក្នុងនោះ កម្ពុជានាំចេញ ២ ១៦៨.៦២លានដុល្លារ កើន ៩,២% វៀតណាមនាំចូល ៣ ៩៦៧.១៤លានដុល្លារ កើន ២៦,២%។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ទោះការធ្វើពាណិជ្ជកម្មអន្តរជាតិនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមិនសូវមានដំណើរការល្អ ប៉ុន្តែសម្រាប់ពាណិជ្ជកម្មកម្ពុជា-វៀតណាម គឺនៅតែល្អប្រសើរ ពិសេសការនាំចេញ-ចូលផលិតផលកសិកម្មរវាងប្រទេសទាំងពីរ។
លោក បានបញ្ជាក់ថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងបន្តកើនឡើងបន្ថែមទៀតនាពេលខាងមុខ ជាពិសេស ការនាំចេញផលិតផលកសិកម្មកម្ពុជាទៅប្រទេសវៀតណាម។
គូសបញ្ជាក់ថា វៀតណាម គឺជាដៃគូពាណិជ្ជកម្មធំទី ៣ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន និងអាមេរិក៕
ដោយ៖ មឿន ឌីណា (Moeun Dyna)