ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ថៃ ២រូប បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មថៃមកកាន់កម្ពុជា ដើម្បីសិក្សាស្វែងយល់បន្ថែមទៀតពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្មនៅកម្ពុជា។ បើតាមក្រសួងពាណិជ្ជកម្មកម្ពុជា។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មថៃ ដែលដឹកនាំដោយ លោក Voratat Tantimongkolsuk តំណាងសភាពាណិជ្ជកម្មថៃ និង លោក Audsitti Sroithong ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ឧស្សាហកម្មថៃនៃក្រុមប្រឹក្សាវិនិយោគថៃ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។
នៅក្នុងជំនួបនេះ ក៏មានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងគណៈប្រតិភូវិស័យឯកជនថៃផងដែរ។
លោក ប៉ាន សូរស័ក្តិ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈសភាពាណិជ្ជកម្មថៃ ដែលបានមកកាន់ព្រះរាជាណាចក្រកម្ពុជា និងជាពិសេសមកកាន់ក្រសួងពាណិជ្ជកម្មនាពេលនេះ។
នៅក្នុងជំនួប រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានលេចចេញជាសេដ្ឋកិច្ចរីកចម្រើនខ្ពស់ ដោយបានទាក់ទាញអ្នកវិនិយោគយ៉ាងច្រើនពីជុំវិញពិភពលោក។ «កំណើននេះ ដោយមានការចូលរួមជាពិសេសប្រទេសចិន ជប៉ុន កូរ៉េ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស រដ្ឋសមាជិកអាស៊ាន និងប្រទេសថៃ»។ នេះជាការបញ្ជាក់របស់ លោក ប៉ាន សូរស័ក្តិ។
នាឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានសម្ដែងនូវការស្វាគមន៍ គណៈប្រតិភូសភាពាណិជ្ជកម្មថៃ ដែលដឹកនាំដោយ លោក Voratat Tantimongkolsuk និង លោក Audsitti Sroithongមកស្វែងយល់ពីឱកាសអាជីវកម្មនៅកម្ពុជា។ លោក បានគូសបញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះ នឹងផ្តល់ឱ្យនូវឱកាសដ៏ល្អមួយដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីអាជីវកម្ម និងឱកាសវិនិយោគដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។
នៅក្នុងបរិយានោះ លោក Voratat Tantimongkolsuk បានជម្រាបជូន លោក ប៉ាន សូរស័ក្តិ ថាគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មថៃមកកាន់កម្ពុជានាពេលនេះ គឺដើម្បីសិក្សាស្វែងយល់បន្ថែមទៀតពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្មនៅកម្ពុជា។
លោក Voratat Tantimongkolsuk បានរម្លឹកថា កាលពីឆ្នាំ២០២២ សភាពាណិជ្ជកម្មថៃបានដឹកនាំគណៈប្រតិភូមកកាន់កម្ពុជាម្តងរួចមកហើយ ហើយកាលពីដើមឆ្នាំ២០២៣នេះ លោក ប៉ាន សូរស័ក្តិ ក៏បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជាទៅចូលរួមសិក្ខាសាលាស្តីពីឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា នៅទីក្រុងបាងកក ដែលមានវាគ្មិនមកពីក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។
ទស្សនកិច្ចលើកនេះ គណៈប្រតិភូនឹងមានដំណើរទស្សនកិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខេត្តកោះកុង និងខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងយល់ពីឱកាសធ្វើពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្ម។ បើតាមការបញ្ជាក់របស់ លោក Voratat Tantimongk បានបន្ថែមថា លើសពីនេះក្រុមប្រឹក្សាវិនិយោគថៃ ក៏បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីជួយ និងជំរុញវិស័យវិនិយោគរវាងប្រទេសទាំងពីរផងដែរ។
នៅក្នុងជំនួបពិភាក្សាការងារ លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន សាធារណរដ្ឋកូរ៉េ និងអារ៉ាប់រួម។ លោក បានគូសបញ្ជាក់ថា នេះបង្ហាញពីកាលានុវត្តភាព វិនិយោគដ៏មានសក្តានុពលសម្រាប់ធុរជនថៃ មកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ពីការអនុគ្រោះពន្ធដែលផ្តល់ដោយកិច្ចព្រមព្រៀងទាំងនោះ។
លោក បានបន្ថែមថា ប្រទេសកម្ពុជា ផ្តល់ឱកាសកំណើនរយៈពេលវែងនៅទូទាំងវិស័យជាច្រើន ហើយមានទីតាំងល្អជាមជ្ឈមណ្ឌលសក្តានុពលសម្រាប់អាជីវកម្ម និងការវិនិយោគនៅក្នុងតំបន់ ដោយពិចារណាលើកត្តាសំខាន់ៗមួយចំនួនដូចជាទីតាំងយុទ្ធសាស្ត្រ កម្លាំងពលកម្មវ័យក្មេង និងថាមពល ការទទួលបានទីផ្សារដ៏ធំតាមរយៈ GSP ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផងដែរ។
ជាទីបញ្ចប់ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ទៀតថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ធុរជនថៃ មកធ្វើការបណ្តាក់ទុននៅកម្ពុជាដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ជាថ្មីម្តងទៀត កម្ពុជាប្តេជ្ញាចិត្តក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ នៅឆ្នាំ២០២២ មានទំហំទឹកប្រាក់ជាង ៤.៦ពាន់លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញទៅថៃមានទំហំទឹកប្រាក់ជាង ៤០៩លានដុល្លារ និងថៃនាំចេញ មកកម្ពុជាវិញមានទំហំទឹកប្រាក់ ៣ ៨៣២លានដុល្លារ។ សម្រាប់រយៈពេល៦ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានទំហំទឹកប្រាក់ជាង ១.៩ពាន់លានដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)