Register Already an agent ? Login

រាជរដ្ឋាភិបាល បានកែប្រែតំបន់បេតិកភណ្ឌធម្មជាតិភ្នំព្រះ-ភ្នំវែងទំហំពី១,៥ពាន់ហិកតា មក១,៤ពាន់ហិកតា

បន្ទាយមានជ័យ៖ រាជរដ្ឋាភិបាល បានកែប្រែតំបន់បេតិកភណ្ឌធម្មជាតិភ្នំព្រះ-ភ្នំវែង ពីផ្ទៃដីទំហំ១ ៥០០ហិកតា មកផ្ទៃដីទំហំ១ ៤៩២ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិង ខេត្តឧត្តរមានជ័យ។ បើតាមអនុក្រឹត្យលេខ១៦៧ អនប្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា។

បើតាមសេចក្ដីសម្រេចនៃអនុក្រឹត្យខាងលើ បញ្ជាក់ថា អនុក្រឹត្យនេះមានគោលបំណងដូចតទៅ៖

- ការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់

- កម្រិតដល់ការប្រើប្រាស់ធនធានជីវៈចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់

- ការពារសោភណភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិ នៃតំបន់បេតិកភណ្ឌធម្មជាតិភ្នំព្រះ-ភ្នំវែង សម្រាប់បម្រើដល់ការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងជំនឿ ដែលគ្រប់សកម្មភាពទាំងនេះ ពុំបង្កការគំរាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌មូលដ្ឋាន

- ផ្តល់សេវាកម្មធម្មជាតិសម្រាប់ការរប្រើប្រាស់ប្រកបដោយនិរន្តរភាព

- លើកកម្ពស់តួនាទីសហគមន៍មូលដ្ឋាន និងវិស័យឯកជន ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់របតិកភណ្ឌធម្មជាតិភ្នំព្រះ-ភ្នំវែង ដោយ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការរស់នៅដោយចីរភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលអនុលោមតាមអនុក្រឹត្យស្តីពីតំបន់ បេតិកភណ្ឌធម្មជាតិភ្នំព្រះ-ភ្នំវែង ច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូត ដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។

សូមរម្លឹកថា អនុក្រឹត្យលេខ៦៩ អនប្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ​ឆ្នាំ២០២០ ស្ដីពីបង្កើតតំបន់របតិកភណ្ឌធម្មជាតិភ្នំព្រះ-ភ្នំវែង។ ការកែប្រែ ពីផ្ទៃដីទំហំ១ ៥០០ហិកតា មកផ្ទៃដីទំហំ១ ៤៩២ហិកតា ក្នុងអនុក្រឹត្យលេខ១៦៧ អនប្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដែលជាសំណើរបស់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)