មណ្ឌលគិរី៖ រាជរដ្ឋាភិបាល បានកែប្រែដែនជម្រកសត្វព្រៃកែវសីមា ពីផ្ទៃដីទំហំ ២៩២ ៦៩០ហិកតា មកផ្ទៃដីទំហំ ៣១៧ ៤៥៦ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ បើតាមអនុក្រឹត្យលេខ១៨២ អនក្រ.បក ចុះថ្ងៃទី១៧ ខែក្កដា ឆ្នាំ២០២៣ ចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
បើតាមសេចក្ដីសម្រេច នៃអនុក្រឹត្យលេខ១៨២ អនក្រ.បក មាត្រា២ វាក្យខណ្ឌទី២ បានឱ្យដឹងថា ផ្ទៃដីដែនជម្រកសត្វព្រៃកែវសីមាខាងលើនេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ ២៩២ ៦៩០ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ៨៣ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតដែនជម្រកសត្វព្រៃកែវសីមា និងផ្នែកខ្លះនៃបៀងអភិរក្សជីវៈចម្រុះឦសាន ដែលមានផ្ទៃដីទំហំ ២៤ ៧៦៦ហិកតា ដូចមានចែងក្នុងអនុក្រឹត្យ លេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ ការពារធម្មជាតិ។
មាត្រា២ នៅក្នុងសេចក្ដីសម្រេចដដែល បានបញ្ជាក់ថា អនុក្រឹត្យនេះមានគោលបំណងដូចតទៅ៖
- ធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ ប្រព័ន្ធអេកូឡូស៊ី និងសារព័នមជ្ឈដ្ឋានធម្មជាតិ ដោយមាន ការបំពេញលក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ និងជីវចម្រុះ
- រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានីភ័យគ្រោះមហន្តរាយ ធម្មជាតិ
- ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព
- គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព
-លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ ការគ្រប់គ្រង ការការពារ និងការអភិវង្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។
បើតាមអនុក្រឹត្យនេះ បន្ថែមថា ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំកែប្រែ និងគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ដោយសហការ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តមណ្ឌលគិរី និងរដ្ឋបាលខេត្តក្រចេះ ដើម្បីធានាដល់ការគ្រប់គ្រង បរិស្ថាន ការគ្រប់គ្រងជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការរស់នៅដោយចីភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគ ការចេញបណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលអនុលោមតាមអនុក្រឹត្យស្តីពីការបង្កើត ដែនជម្រកសត្វព្រៃកែវសីមា អនុក្រឹត្យស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្ត ថ្មីមកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។
ដោយ៖ មឿន ឌីណា (Moeun Dyna)