សៀមរាប៖ កម្ពុជា បានទទួលចំណូលពីភ្ញៀវទេសចរប្រមាណ ២០ ៣១៧ ៣៤៥លានដុល្លារ ៧ខែឆ្នាំ២០២៣ កើន៥០២,៧៩% បើធៀបនឹងឆ្នាំ២០២២ ដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ បើតាមការបាយការណ៍ របស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា មានភ្ញៀវចំនួនសរុប ៤៣៩ ៣៦៥នាក់ កើន ៤២៣,៩៦% បើធៀបនឆឹងឆ្នាំ២០០២៣។
តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានបន្តឱ្យដឹងថា ការប្រមូលចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទបុរាណទៅដល់ភ្ញៀវទេសចរបរទេសតាមរមណីយដ្ឋានផ្សេងៗ រួមមាន៖ រមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀសជាដើម ដោយក្នុងនោះចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទកោះកែរមានចំនួន ១០៦ ១២៥ដុល្លារ និងការលក់សំបុត្រទូកបានចំនួន ៣២៨ ៦៦៨ដុល្លារ។
សម្រាប់ខែកក្កដា ឆ្នាំ២០២៣ គ្រឹះស្ថានអង្គររកចំណូលបានចំនួនជាង ២,៤លានដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេសចំនួន ៥៣ ៥៩៦នាក់។
គូសបញ្ជាក់ថា ជាទូទៅគ្រឹះស្ថានអង្គរបែងចែកតម្លៃចូលទស្សនារមណីយដ្ឋានអង្គរជា៣ប្រភេទ រួមមាន៖ កញ្ចប់ទី១ ទស្សនា១ថ្ងៃតម្លៃ៣៧ដុល្លារ, កញ្ចប់ទី២ ទស្សនា៣ថ្ងៃតម្លៃ៦២ដុល្លារ និងកញ្ចប់ទី៣ ទស្សនា១សប្ដាហ៍តម្លៃ៧២ដុល្លារ។
បើតាមរបាយការណ៍ក្រសួងទេសចរណ៍ កម្ពុជា ទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបប្រមាណ ១២.១៨លាននាក់ រយៈពេល៧ខែ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣ ខណៈ ក្រសួងទេសចរណ៍ រំពឹងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១៦លាននាក់ សម្រាប់ឆ្នាំ២០២៣នេះ ក្រោមទម្រង់អក្សរ V។
ក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ លើកទី៨ ឆ្នាំ២០២៣ នៅលើទឹកដីអង្គរ កាលពីព្រឹកថ្ងៃទី៦ ខែសីហា នេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងដោយរំពឹងថា កម្ពុជា នឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥លាននាក់ នៅឆ្នាំ២០២៣នេះ នឹងមានការកើនឡើងដល់ ៧លាននាក់ នៅឆ្នាំ២០២៦៕
ដោយ៖ មឿន ឌីណា (Moeun Dyna)