ក៊ំពង់ស្ពឺ៖ រាជរដ្ឋាភិបាល បានកែប្រែដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បច្ចុប្បន្នមានពីផ្ទៃដីទំហំ ២៥៣ ៧៥០ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ដោយពង្រីកបន្ថែមផ្ទៃដីទំហំ ៤ ៤២២ហិកតា សរុបមានផ្ទៃដីទំហំ ២៥៨ ១៧២ហិកតា។ បើយោងតាមអនុក្រឹត្យលេខ១៩៤ អនក្រ.បក ចុះថ្ងៃទី១៧ ខែក្កដា ឆ្នាំ២០២៣។
សេចក្ដីសម្រេច នៃអនុក្រឹត្យលេខ១៩៤ អនក្រ.បក មាត្រា១ បានឱ្យដឹងថា ត្រូវបានកែប្រែដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ពីផ្ទៃដីទំហំ២៥៣ ៧៥០ហិកតា មកផ្ទៃដីទំហំ២៥៨ ១៧២ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។
វាក្យខណ្ឌទី២ មានត្រា១ ដដែល បានបន្តថា ផ្ទៃដីដែនជម្រកសត្វព្រៃភ្នំឱរាល់ខាងលើនេះ បានមកពីការបញ្ចូលផ្ទៃដីទំហំ២៥៣ ៧៥០ហិកតា ដែលមានចែងក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការបង្កើត តំបន់ការពារធម្មជាតិ និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ដែលមានផ្ទៃដីទំហំ៤ ៤២២ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពី ការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។
បើតាមមាត្រា២ ក្នុងសេចក្ដីសម្រេចនៃអនុក្រឹត្យនេះ បានបញ្ជាក់ថា៖
- ធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃនិងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានាឱ្យមានការបំពេញលក្ខខណ្ឌ ចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ និងជីវៈចម្រុះ
- រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយ ធម្មជាតិ
- ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិវន្ដរភាព
- គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព
- លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។
ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ ទឹកប្រែ និងគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដោយសហការ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តកំរាង់ស្ពឺ រដ្ឋបាលខេត្តកំពង់ឆ្នាំង និងរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវចម្រុះ ការប្រើប្រាសធនធានធម្មជាតិប្រក ដោយនិរន្តភាព និង ការរស់នៅដោយចីរភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ បើតាមមាត្រ៣ ក្នុងសេចក្ដីសម្រេចនៃអនុក្រឹត្យដដែល។
បើតាមមាត្រ៤ ក្នុងសេចក្ដីសម្រេចនៃអនុក្រឹត្យដដែល បានបន្តថា លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលអនុលោមតាមព្រះរាជក្រឹត្យស្តីពីការបង្កើត តំបន់ការពារធម្មជាតិ អនុក្រឹត្យស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មី មកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)