Register Already an agent ? Login

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យពង្រីកបន្ថែមដែនជម្រកសត្វព្រៃបឹងពែរជាង ២ម៉ឺនហិកតា ក្នុងភូមិសាស្រ្តខេត្តសៀមរាប ព្រះវិហារ និងកំពង់ធំ

សៀមរាប៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ សម្រេចកែប្រែដែនជម្រកសត្វព្រៃបឹងពីទំហំផ្ទៃដី ២៤២ ៥០០ហិកតា មកផ្ទៃដីទំហំ ២៦៥ ៨៨៣ហិកតា។ បើយោងតាមអនុក្រឹត្យលេខ១៨៦ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០២៣។

បើតាមសេចក្ដីសម្រេច នៃអនុក្រឹត្យលេខ១៨៦ អនក្រ.បក ការពង្រីកបន្ថែមដែនជម្រកសត្វព្រៃបឹងពែរជាង ២ម៉ឺនហិកតា ជាសំណើរបស់ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ បើតាមការបញ្ជាក់ នៅក្នុងអនុក្រឹត្យដដែលនេះ។

សេចក្ដីសម្រេច មាត្រា១ បានឱ្យដឹងថា ត្រូវបានកែប្រែដែនជម្រកសត្វព្រៃបឹងពែពីផ្ទៃដីទំហំ២៤២ ៥០០ហិកតា មកផ្ទៃដីទំហំ២៦៥ ៨៨៣ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។

វាក្យខណ្ឌទី២ មានត្រា១ បញ្ជាក់ថា ផ្ទៃដីដែនជម្រកសត្វព្រៃបឹងពែរខាងលើនេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ២៤២ ៥០០ហិកតា ដូចមានចែងក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការបង្កើត តំបន់ការពារធម្មជាតិ និងផ្អែកខ្លះនៃរបៀងអភិរក្សវៈចម្រុះឧត្តរ ដែលមានផ្ទៃដីទំហំ២៣ ៣៨៣ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្ដីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។

មាត្រា២ នៅក្នុងសេចក្ដីសម្រេច នៃអនុក្រឹត្យលេខ១៨៦ បានគូសបញ្ជាក់ថា អនុក្រឹត្យនេះមានគោលបំណងដូចតទៅ៖

- ធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃនិងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានាឱ្យមានការបំពេញលក្ខខណ្ឌ ចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ និងជីវៈចម្រុះ

- រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយ ធម្មជាតិ

- ធានាការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយសនិទានភាពនិងនិរន្តរភាព

- លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ ការគ្រប់គ្រង ការការពាវ និងការអភិត្យជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។

ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃបឹងពែរ ដោយសហការ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលខេត្តព្រះវិហារ និងរដ្ឋបាលខេត្តកំពង់ធំ ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការរស់នៅដោយចីរភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

នៅក្នុងសេចក្ដីសម្រេច មាត្រា៤ បានគូសបញ្ជាក់ទៀតថា លិខិតបទដ្ឋាឌគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលអនុលោមតាមព្រះរាជក្រឹត្យស្តីពីការបង្កើត តំបន់ការពារធម្មជាតិ អនុក្រឹត្យស្តីពីការបង្កើតរបៀងអភិរក្សជីវចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មី មកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)