Register Already an agent ? Login

រាជរដ្ឋាភិបាល សម្រេចបានបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់បាភ្នំផ្ទៃដីជាង ១២៥ហិកតា នៅស្រុកបាភ្នំ ខេត្តព្រៃវែង

ព្រៃវែង៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ «នគរភ្នំឈើកាច់បាភ្នំ» ដែលមានផ្ទៃដីទំហំសរុប ១២៥,២៧៧៥ហិកតា និងកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រក្នុងតំបន់បេតិកភណ្ឌធម្មជាតិ «នគរភ្នំឈើកាច់បាភ្នំ» ដែលមានចំនួន ៩ទីតាំង ស្ថិតក្នុងភូមិសាស្ត ឃុំជើងភ្នំ ឃុំឈើកាច់ និងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។ បើយោងតាមអនុក្រឹត្យលេខ២២៤ អនក្រ.បក ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។

នៅក្នុងអនុក្រឹត្យស្ដីពី បង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងការកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រក្នុងតំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់បាភ្នំ ដែលចុះហត្ថលេខាដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តឱ្យដឹងថា ទីតាំងទាំង ៩កន្លែង ដែលត្រូវបានបង្កើត មានឈ្មោះនិងទំហំផ្ទៃដីមានដូចខាងក្រោម៖

១- ភ្នំបាភ្នំ មានផ្ទៃដីទំហំ ១០១,៤១១៩ហិកតា

២- ប្រាសាទអង្គច័ន្ទ មានផ្ទៃដីទំហំ ០,៦៣៨៥ហិកតា

៣- វត្តវិហារគុហ៍ មានផ្ទៃដីទំហំ ១,៣៦៤២ហិកតា

៤- វត្តវិហារធំ មានផ្ទៃដីទំហំ ៣,១៤៥១ហិកតា

៥- ស្រះបិទបាយ មានផ្ទៃដីទំហំ ៨,០៦០៧ហិកតា

៦- អ្នកតាមេសរ មានផ្ទៃដីទំហំ ០,៧៨១២ហិកតា

៧- ស្រះស្រង់ មានផ្ទៃដីទំហំ ១,៥៨១៦ហិកតា។

៨- ភ្នំវត្តកំពូលភ្នំឈើកាច់ មានផ្ទៃដីទំហំ ២,៥២៦៤ហិកតា

៩- មណ្ឌលមុនីស្ថានតាមសភ្នំតូច មានផ្ទៃដីទំហំ ៥,៧៦៧៩ហិកតា។

បើតាមមាត្រា២ នៃអនុក្រឹត្យនេះបានបញ្ជាក់ថា៖ ការពារ ថែរក្សានគរូបនីយកម្ម និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ និងទីតាំង ប្រវត្តិសាស្ត្រអតីតសម័យហ្វូណន-នគរភ្នំ- ដែលជាទឹកដីដំបូងបង្អស់នៃព្រះរាជាណាចក្រកម្ពុជា។

ការពារតួនាទីប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់, ការពារនិងអភិរក្សធនធានជីវៈចម្រុះ ធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងមុខងានៃតំបន់នេះ, ការពារសោភណភាព ទេសភាពធម្មជាតិ ទេសភាពវប្បធម៌ និងការពារទីសក្ការៈបូជាសម្រាប់បម្រើ ដល់ជំនឿ ការកម្សាន្ត ការទស្សនា ការអប់រំ និងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងប្រវត្តិសាស្ត្រ ដែលគ្រប់សកម្មភាពទាំងនេះពុំបង្កការគំរាមកំហែងដល់បរិស្ថាន ធនធានធម្មជាតិ និងបេតិកភណ្ឌ វប្បធម៌។

ផ្តល់សេវាកម្មធម្មជាតិនិងបេតិកភណ្ឌវប្បធម៌សម្រាប់ការប្រើប្រាស់ប្រកបដោយនិន្តរភាព លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ ការគ្រប់គ្រង ការថែរក្សា ការការពារ និងការអភិវង្សជីវៈចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌ វប្បធម៌ឱ្យបានគង់វង្ស។

នៅក្នុងអនុក្រឹត្យដដែល មាត្រា៣ បានបន្ថែមថា ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានសមត្ថកិច្ចរៀបចំនិងគ្រប់គ្រងតំបន់បេតិកភណ្ឌ ធម្មជាតិ និងកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ នគរភ្នំឈើកាច់បាភ្នំ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តព្រៃវែង និងសហគមន៍មូលដ្ឋាន ដើម្បីធានាដល់កិច្ចគាំពារបរិស្ថាន ការអភិរក្ស ជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងកិច្ចការពារបេតិកភណ្ឌវប្បធម៌ឱ្យបាន គង់វង្ស ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)