ភ្នំពេញ៖ កម្ពុជា ទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបប្រមាណ ១២.១៨លាននាក់ រយៈពេល៧ខែ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣ ខណៈ ក្រសួងទេសចរណ៍ រំពឹងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១៦លាននាក់ សម្រាប់ឆ្នាំ២០២៣នេះ ក្រោមទម្រង់អក្សរ V។
រយៈពេល៧ខែក្នុងឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង ១២លាននាក់ ខណៈ ក្នុងខែកក្កដាកន្លងទៅមានភ្ញៀវទេសចរផ្ទៃក្នុងដើរទស្សនាប្រមាណ១លាន១សែននាក់។ បើតាមរបាយការណ៍ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ៧ខែឆ្នាំ២០២៣ ភ្ញៀវទេសចរផ្ទៃក្នុងសរុបប្រមាណ ១២.១៨លាននាក់។
បើតាមក្រសួងទេសចរណ៍ បានលើកឡើងថា ជាធម្មតាខែកក្កដា និងខែសីហា ជាខែដែលមានចរន្តភ្ញៀវទេសចរផ្ទៃក្នុងតិច ដោយសារជារដូវភ្លៀងអាចមានជំនន់ទឹកភ្លៀងដោយកន្លែង ម្យ៉ាងវិញទៀត ខែទាំង២នេះមិនមានថ្ងៃឈប់សម្រាកជាតិទេ។ ប៉ុន្តែ ចរន្តភ្ញៀវនឹងចាប់ផ្តើមមានសន្ទុះខ្លាំងចាប់ពីខែកញ្ញាវិញ ជាមួយការប្រារព្ធពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ និងថ្ងៃឈប់សម្រាកនានា។
ក្រសួងទេសចរណ៍ រំពឹងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១៦លាននាក់ សម្រាប់ឆ្នាំ២០២៣នេះ ក្រោមទម្រង់អក្សរ V ដូចដែលព្យាករណ៍ក្នុងផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ-១៩។
ក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ លើកទី៨ ឆ្នាំ២០២៣ នៅលើទឹកដីអង្គរ កាលពីព្រឹកថ្ងៃទី៦ ខែសីហា នេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងដោយរំពឹងថា កម្ពុជា នឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥លាននាក់ នៅឆ្នាំ២០២៣នេះ នឹងមានការកើនឡើងដល់ ៧លាននាក់ នៅឆ្នាំ២០២៦៕
ដោយ៖ មឿន ឌីណា (Moeun Dyna)