Register Already an agent ? Login

កម្ពុជា បានស្នើសុំឱ្យសភាអាមេរិកបន្តឡើងវិញនូវប្រព័ន្ធ GSP

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើសុំឱ្យសភាអាមេរិកបន្តឡើងវិញនូវប្រព័ន្ធ GSP របស់ខ្លួន ជាពិសេសសម្រាប់ទំនិញមួយចំនួន ដូចជា៖ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ជាដើម។

ការស្នើនេះ នៅក្នុងជំនួបពិភាក្សាជាមួយ ការងារជាមួយគណៈប្រតិភូនៃសភាអាមេរិក ដឹកនាំដោយ លោក Jason Smith ប្រធានគណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយនៃសភាអាមេរិក (United States House Committee on Ways and Means) កាលពីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ និងមានការចូលរួមពីសមាជិកសភាអាមេរិកចំនួន ៧នាក់ ផ្សេងទៀត។

ចូលរួមក្នុងកិច្ចប្រជុំនោះដែរគឺមានវត្តមាន លោក W. Patrick Murphy អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា និងសហការីមួយចំនួនទៀតផងដែរ។

បើតាមជំនួបនេះ លក ប៉ាន សូរស័ក្ដិ បានជម្រាបជូនពីលទ្ធផលនៃការបោះឆ្នោតដែលបានប្រព្រឹត្តទៅក្នុង ខែកក្កដា ឆ្នាំ២០២៣ ថ្មីៗនេះ និងអំពីវឌ្ឍនភាពថ្មីៗក្នុងការពង្រីកទីផ្សាររបស់កម្ពុជា។

លោក រដ្ឋមន្រ្តីបានលើកឡើងបន្តថា ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងទ្វេភាគី ក៏ដូចជាការរៀបចំបរិយាកាសធុរកិច្ច និងវិនិយោគឱ្យរឹតតែប្រសើរឡើង ដើម្បីទាក់ទាញការវិនិយោគឱ្យបានរឹតតែច្រើនបន្ថែមទៀត។

នាឱកាសនោះ ប៉ាន សូរស័ក្ដិ ក៏បានអំពាវនាវឱ្យក្រុមហ៊ុនអាមេរិកមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីទាញយកផលចំណេញពីគ្នាទៅវិញទៅមក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)