Register Already an agent ? Login

ក្រុមហ៊ុនចិនចំនួន១៥ កំពុងស្វែងយល់ពីសក្តានុពលវិនិយោគជាក់ស្តែងនៅកម្ពុជា ហើយក្រុមហ៊ុនជាង៤០ នឹងមកពាក់កណ្ដាលខែនេះ

ភ្នំពេញ៖ លោក Boris Xue ប្រធានសភាពាណិជ្ជកម្មក្រុងណឹងប៉ បានដឹកនាំគណៈប្រតិភូវិនិយោគ ១៥ក្រុមហ៊ុន មកបំពេញទស្សនៈកិច្ចស្វែងយល់ពីសក្តានុពលវិនិយោគជាក់ស្តែងនៅកម្ពុជា។ បើតាមជំនួបជាមួយ លោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុនប្រមាណជាង ៤០ទៀត នឹងមកក្នុងពាក់កណ្តាលខែសីហានេះ។

នៅក្នុងជំនួបដែលធ្វើឡើងកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ជាមួយ លោក ជា វុទ្ធី អគ្គលេខាធិការរង គ.វ.ក. និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (គ.ស.ព.) សមាគមពាណិជ្ជកម្មកម្ពុជា-ណឹងប៉ បានប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកដុសខាត់កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន តាមរយៈការវិនិយោគក្នុងវិស័យ រួមមាន៖ឧស្សាហកម្ម, កម្មន្តសាល ជាពិសេស ការផលិតក្រណាត់ និងអំបោះ, បច្ចេកវិទ្យា, ពាណិជ្ជកម្ម និងអចលនទ្រព្យ។

លោក Boris Xue បានសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះលទ្ធផលបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងប្រជាធិបតេយ្យ។

លោក បានបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតនេះ បានជំរុញទឹកចិត្តក្រុមវិនិយោគិនចិននៅក្រុងណឹងប៉ ឱ្យមកសិក្សាស្វែងយល់អំពីបច្ចុប្បន្នភាពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ, កាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា។

នាឱកាសនោះ លោក Boris Xue បានសម្តែងនូវសុទិដ្ឋិនិយមចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ហើយបានជម្រាបជូនថា ក្រុមហ៊ុនជាង ៤០ទៀត នឹងមកស្វែងយល់ពីសក្តានុពលវិនិយោគជាក់ស្តែង នៅកម្ពុជាក្នុងពាក់កណ្តាលខែសីហា ឆ្នាំ២០២៣នេះ។

បើតាមជំនួបនេះ លោក ជា វុទ្ធី បានជម្រាបជូន លោក Boris Xue ថានេះជាគណៈប្រតិភូវិនិយោគិនចិនទីមួយដែល ក.អ.ក. ទទួលជួបបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បានបញ្ចប់។

លោក ជា វុទ្ធី បានបង្ហាញជំនឿចិត្តថាគណៈប្រតិភូ នឹងច្បាមយកកាលានុវត្តភាពជាអតិបរមាពីការវិនិយោគលើវិស័យគន្លឹះនានាដែលកម្ពុជាមានសក្តានុពល តាមរយៈរូបភាពវិនិយោគដោយផ្ទាល់ ឬដោយចូលហ៊ុនជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន។

លោក បានបន្ថែមថា នេះជាឱកាស ដើម្បីចាប់យកទីផ្សារដែលពោរពេញដោយថាមវន្ត និងរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពកម្ពុជា-ចិន ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានលើកកម្រិតដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ៕

ដោយ៖ មឿន ឌីណា