សៀមរាប៖ រយៈពេល ៧ខែ ឆ្នាំ២០២៣ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រមាណ ២,៦៤៣,០០០នាក់ បានទៅទស្សនារមណីយដ្ឋានតំបន់អង្គរ មានការកើនឡើងបធៀបនឹងឆ្នាំ២០២២។ បើតាមក្រសួងព័ត៌មាន។
ក្រសួងព័ត៌មាន បានស្រង់របាយការណ៍ពី លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌អង្គរ និងសារមន្ទីរបទកដ្ឋានបេតិកភណ្ឌ នៃអាជ្ញាធរជាតិអប្សរាថា ក្នុងចំណោមភ្ញៀវទសចរជាតិ និងអន្ដរជាតិជាង ២,៦លាននាក់ ក្នុងនោះមានលំហូរភ្ញៀវទេសចរជាតិចំនួន ២,២០៣,៦៩៦នាក់ និងភ្ញៀវទេសចរអន្ដរជាតិទិញសំបុត្រចូលទស្សនាអង្គរមានចំនួន ៤៣៩,៣៦៥នាក់។
បើតាមរបាយការណ៍របស់ លោក សេង សុធារ៉ា បានបញ្ជាក់ថា កាលពីឆ្នាំ២០២២កន្លងមក មានភ្ញៀវបរទេសអន្តរជាតិ មកទស្សនាតំបន់អង្គរត្រឹមតែ ៨៣,៨៥៤នាក់ ប៉ុណ្ណោះ។
ចាប់ពីខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ភ្ញៀវទេសចរអាចនឹងកើនឡើង ខណៈដែលរាជរដ្ឋាភិបាលបើកឱ្យដំណើរការព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរ នៅពាក់កណ្ដាលខែតុលាខាងមុខ។ បើតាមការអះអាងនៅក្នុងរបាយការណ៍របស់ លោក លោក សេង សុធារ៉ា។
នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរបរទេស ដែលចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៥៣,៥៩៦នាក់ បើធៀបនឹងឆ្នាំ២០២២ កើនជាង ១២៤%។ យោងតាមសេចក្ដីប្រកាសព័ត៌មានគ្រឹះស្ថានអង្គរ។
គ្រឹះស្ថានអង្គរ បានបន្តទៀតថា ចំណូលដែលទទួលបានពីការលក់បណ្ណមានចំនួន ២,៤៣៩,៩២៧ដុល្លារ បើធៀបនឹងឆ្នាំ២០២២ កើនឡើងជាង ១៥៤%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)