ភ្នំពេញ៖ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា និងជប៉ុន មានទឹកប្រាក់សរុប ៨៦០,២៨លានដុល្លារ ធ្លាក់ចុះ ៧,៩% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ តារាងស្ថិតិពាណិជ្ជកម្មអន្តរជាតិ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
បើតាមតារាងស្ថិតិពាណិជ្ជកម្មអន្តរជាតិ បានឱ្យដឹងទៀតថា ទំនិញដែលកម្ពុជានាំទៅជប៉ុន មានទឹកប្រាក់ ៥៤៥,០១លានដុល្លារ កើន ០,៦% រីឯ ជប៉ុននាំមកកម្ពុជាវិញ មានទឹកប្រាក់ ៣១៥,២៦ លានដុល្លារ ធ្លាក់ចុះ ១៩,៧%។ ជប៉ុន គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៥ របស់កម្ពុជាបន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម និងថៃ។
ផលិតផលសំខាន់ដែលកម្ពុជានាំទៅជប៉ុន មានដូចជា៖ សម្លៀកបំពាក់ ស្បែកជើង គ្រឿងបង្គុំ និងកសិផល រីឯ ជប៉ុននាំមកកម្ពុជាវិញមាន ផលិតផលគ្រឿងម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិក និងគ្រឿងចក្រក្នុងវិស័យកសិកម្មជាដើម។
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ជប៉ុនជាប្រទេសដែលវិនិយោគនៅកម្ពុជាច្រើនជាងគេទី៤ ដោយមានប្រាក់សរុប ១១,៣ទ្រីលានរៀល (កើន ១១,៦% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២) គឺបន្ទាប់ពីប្រទេសចិន កូរ៉េ និងសិង្ហបុរី។ នេះបើយោងតាមរបាយការណ៍ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា វិនិយោគិនជប៉ុន ភាគច្រើនវិនិយោគនៅក្នុងវិស័យហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ និងអចលនទ្រព្យ ជាដើម។
បើតាមភ្នំពេញប៉ុស្តិ៍ ដែលបានស្រង់សំដី លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាថា ទោះបីទឹកប្រាក់នៃការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរធ្លាក់ចុះ ប៉ុន្តែសម្រាប់ការនាំចេញរបស់កម្ពុជាគឺនៅមានសញ្ញាវិជ្ជមាន ដែលនេះបញ្ជាក់ថាទំនិញកម្ពុជា គឺមានតម្រូវការខ្ពស់នៅជប៉ុន បើទោះស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនសូវល្អក៏ដោយ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)