Register Already an agent ? Login

ក្រុមហ៊ុន YCH Group បានបង្ហាញបំណងវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ វិស័យដឹកជញ្ជូន និងឡូជីស្ទីក

ភ្នំពេញ៖ ក្រុមហ៊ុន YCH Group កំពុងប្រតិបត្តិការនៅតាមបណ្ដាប្រទេសចំនួន១៦ មានឧត្តមភាពលើផ្នែកដឹកជញ្ជូន និងឡូជីស្ទីក មានបំណងវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលរួមមានវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា។

តាមការបង្ហាញបំណងវិនិយោគគម្រោងខាងលើរបស់ ក្រុមហ៊ុន YCH Group សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Robert Yap ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននេះ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួប លោក Robert Yap បានជម្រាបជូន សម្ដេចធិបតី អំពីអាជីវកម្មរបស់ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការនៅតាមបណ្ដាប្រទេសចំនួន១៦ ហើយក្រុមហ៊ុនមានឧត្តមភាពលើផ្នែកដឹកជញ្ជូននិងឡូជីស្ទីកបានធ្វើឱ្យក្រុមហ៊ុនប្រែក្លាយជាក្រុមហ៊ុនឈានមុខមួយ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់តំបន់អាស៊ី។

លោក ក៏បានសម្ដែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្ពុជា ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចមួយដ៏ខ្ពស់ប្រកបដោយចីរភាពតាមរយៈនេះ ក្រុមហ៊ុនក៏បានសម្លឹងឃើញនូវកាលានុវត្តភាព និងសក្ដានុពលជាច្រើននៅក្នុងប្រទេសកម្ពុជា មានគោលបំណងវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលរួមមានវិស័យដឹកជញ្ជូន និងឡូជីស្ទីក ជាដើម។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្តែងក្តីសោមនស្សរីករាយចំពោះក្រុមហ៊ុន ដែលមានចំណាប់អារម្មណ៍នៅក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើហេដ្ឋារចនាសម័្ពន្ធតភ្ជាប់នៅកម្ពុជា។ សម្ដេច បានគូសបញ្ជាក់អំពីសារសំខាន់នៃវិស័យនេះ ដែលធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជាទាំងនៅក្នុងតំបន់ និងពិភពលោក។

ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកសាងប្រព័ន្ធហេដ្ឋារចនាសម័្ពន្ធតភ្ជាប់ ដើម្បីគាំទ្រទៅដល់វិស័យដឹកជញ្ជូន និងឡូជីស្ទីក មានជាអាទិ៍៖ អាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវល្បឿនលឿន ការលើកកម្ពស់គុណភាពផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ថ្នល់ ជាច្រើន។ ជាការបន្ត សម្ដេចធិបតី។

សម្ដេចធិបតីក៏ បានបន្ថែមថា ទន្ទឹមនឹងការទាក់ទាញវិនិយោគិនថ្មីៗមកកម្ពុជា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជាអាទិភាពចំពោះការធានាឱ្យបាននូវបរិយាកាសអំណោយផល ភាពប្រកួតប្រជែង ភាពរីកចម្រើន និងភាពជោគជ័យរបស់វិស័យឯកជន ដែលកំពុងតែមានប្រតិបត្តិការអាជីវកម្ម និងវិនិយោគនៅកម្ពុជា។

ជាមួយគ្នានេះ​ ប្រមុខរាជរដ្ឋាភិបាល ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាឱ្យបានលម្អិត​​ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀតជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការអាជីវកម្មសម្រាប់ពេលអនាគត របស់ក្រុមហ៊ុន​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)