ភ្នំពេញ៖ គម្រោងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ វឌ្ឍនភាពសម្រេចបានជាង ៩៨ភាគរយ ខណៈ មានមន្រ្តីមួយចំនួនកំពុងបំពេញការងារនៅក្នុងអគារថ្មីនេះ។ នេះបើតាមការចុះពិនិត្យរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ការចុះពិនិត្យនេះធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ដែលអមដំណើរដោយ រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ព្រមទាំងម្ចាស់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនគូប្លង់ផងដែរ។
នាឱកាសដែល សម្ដេចក្រឡាហោម ចុះពិនិត្យនេះ លោក ទូច គីម អគ្គនាយកក្រុមហ៊ុន គីម ម៉ិច ខនស្ត្រាក់សិន អ៊ិនវេសមេន បានធ្វើសេចក្ដីរាយការណ៍ជូនស ម្ដេចក្រឡាហោម ថាដំណើរការសាសងសង់អគារទីស្ដីការក្រសួងមហាផ្ទៃណៅសល់ប្រមាណ ២ភាគរយទៀត នឹងបញ្ចប់ទាំងស្រុង ខណៈ ក្រុមហ៊ុនកំពុងឈានទៅបង្ហើយការសាងសង់ដែលនៅសេសសល់។
សូមរម្លឹកថា អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ថវិកាសាងសង់សរុបប្រមាណ ៦០លានដុល្លារ។ អគារនេះ មានទំហំ ១៥៣ម៉ែត្រ គុណ ៨៣ម៉ែត្រ មានកម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តដែលអាចចតរថយន្តក្នុងអគារបានសរុបចំនួន ៣៣០គ្រឿង។
ការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី នៅលើទីតាំងចាស់ ស្ថិតនៅតាមបណ្ដោយមហាវិថី ព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានកំណត់ជាផែនការសាងសង់ជាក់លាក់ ដោយគិតចាប់ផ្ដើមដំណើរការសាងសង់ពីខែវិច្ឆិកា ឆ្នាំ២០២១ គ្រោងបញ្ចប់ការសាងសង់នៅ ខែសីហា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២១មក អគារស្ថាប័នរដ្ឋដ៏ស្កឹមស្កៃជាច្រើន ត្រូវបានសាងសង់ថ្មី និងសម្ពោធដាក់ឱ្យប្រើប្រាស់ តួយ៉ាងដូចជា អគារក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ ២០២១, អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្ពោធកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១, អគារក្រសួងការពារជាតិថ្មី បានសម្ពោធកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១៕
ដោយ៖ មឿន ឌីណា (Moeun Dyna)