ភ្នំពេញ៖ ផ្លូវក្រវាត់ក្រុងទី៣ ដែលមានប្រវែងជិត ៥៣គីឡូម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៤ លេខ៣ លេខ២ លេខ២១ និងលេខ១ គ្រោងនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។
ផ្លូវក្រវាត់ក្រុងទី៣ ប្រវែងជិត ៥៣គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ដោយបានចំណាយថវិកាសរុប ប្រមាណ ២៧៣លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជាចូលរួមថវិកាបដិភាគសម្រាប់ការដោះស្រាយ ផលប៉ះពាល់ ការបោសសម្អាតមីននិងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ ពន្ធ និងសួយសារអាករ។
ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាផ្លូវយុទ្ធសាស្ត្រមួយដ៏សំខាន់ ជួយសម្រួលដល់ការកាត់បន្ថយ ទំហំចរាចរណ៍ក៏ដូចជាការកស្ទះនៅក្នុងរាជធានីភ្នំពេញ ដែលធ្វើឱ្យការធ្វើចរាចរណ៍កាន់តែលឿនរហ័ស។
ម៉្យាងទៀត ផ្លូវនេះក៏ជាផ្លូវសរសៃឈាមមួយតភ្ជាប់ផ្ទៃក្នុង ការធ្វើសមាហរណកម្មតំបន់ពិសេសៗ ដូចជាផ្លូវអាស៊ានហាយវ៉េ ផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗរបស់ មហាអនុ តំបន់ទន្លេមេង្គ រួមចំណែកសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជា ប្រែក្លាយទឹកដីនៅសងខាងផ្លូវជុំវិញរាជធានីភ្នំពេញ ជាតំបន់ដែលពោរពេញដោយការអភិវឌ្ឍផងដែរ។
ផ្លូវក្រវាត់ក្រុងខ្សែទី៣ គឺជាផ្លូវដ៏សំខាន់មួយជួយកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរដែលធ្លាប់មានកន្លងមក និងជួយសម្រួលដល់ការធ្វើដំណើរ និងចរាចរណ៍ក្នុងរាជធានី បន្ថែមទៀត។
លើសពីនេះទៀតការសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ ជំរុញពាណិជ្ជកម្មអន្តរជាតិ និង ភស្តុភារកម្មតំបន់ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍបូរី លំនៅឋាន តំបន់ភស្តុភារកម្ម និងឧស្សាហកម្ម ដ៏មានសក្តានុពល និងប្រសិទ្ធភាពសេដ្ឋកិច្ចរបស់កម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)