ក្រចេះ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ ប្រវែង ១៧៦១ម៉ែត្រ ត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។
ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ ដែលមានប្រវែងជាង ១ពាន់ម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិចិន ត្រូវបានប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
គម្រោងនេះ ត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ ៤២ខែ នឹងបញ្ចប់នៅឆ្នាំ២០២៦ ដែលគ្រោងចំណាយថវិកាប្រមាណជាង ១១៤លានដុល្លារ។
ស្ពានដែលបើកការដ្ឋានសាងសង់ថ្មីនេះ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ចំណុចប្រសព្វនៃផ្លូវតភ្ជាប់ពីស្ពានត្រើយខាងលិចទន្លេមេគង្គ ឆ្លងកាត់ផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង និងខេត្តកំពង់ចាម នៅផ្នែកខាងក្រោមទន្លេមេគង្គ។ ចំណែក នៅត្រើយខាងកើតនៃទន្លេមេគង្គវិញ គឺតភ្ជាប់ពីផ្លូវជាតិលេខ៧ ទៅខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែរ ឆ្ពោះទៅខេត្តត្បូងឃ្មុំ រួចតភ្ជាប់ ទៅផ្លូវជាតិលេខ៧ ទៅខេត្តកំពង់ចាម ខេត្តព្រៃវែង និងរាជធានីភ្នំពេញ។
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះរួមជាមួយនឹងផ្លូវតភ្ជាប់ដែលកំពុងរៀបចំពិធីបើកការដ្ឋានសាងសង់នាឱកាសនេះ គឺជាគម្រោងយុទ្ធសាស្ត្រមួយយ៉ាងសំខាន់សម្រាប់តភ្ជាប់ទំនាក់ទំនង និងក្តីសង្ឃឹម រវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋរស់នៅត្រើយខាងលិច រួមទាំងតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសានមកកាន់ទីប្រជុំជនផងដែរ។ បើតាមការថ្លែងរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក បានបញ្ជាក់ថា ក្រោយពីការសាងសង់រួច ស្ពាននិងផ្លូវតភ្ជាប់នេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ប្រជាពលរដ្ឋយើងធ្វើដំណើរទៅប្រកបមុខរបរប្រចាំថ្ងៃជាពិសេសទៅកាន់មន្ទីរពេទ្យឬមណ្ឌលសុខភាពនៅពេលបងប្អូនប្រជាពលរដ្ឋត្រូវការសង្គ្រោះបន្ទាន់ម្តងៗព្រមទាំងជួយសម្រួលដល់ក្មួយៗសិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀនបានឆាប់រហ័ស និងប្រកបដោយសុវត្ថិភាពផងដែរ
ស្ពាននេះ ជាស្ពានទី១១ ក្នុងចំណោម ស្ពានធំៗ ដែលកម្ពុជាបានសាងសង់ក្រោមឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន។ បើតាមការបន្តរបស់ លោក ស៊ុន ចាន់ថុល
លោក បានបន្តទៀតថា កម្ពុជាសាងសង់ស្ពានក្រោមទានឥតសំណងពីមិត្តចិន មានស្ពាន១០ កំពុងដំណើរការ ក្នុងនោះរួមមាន ស្ពានមិត្តភាពកម្ពុជា-ចិន សេកុងស្ទឹងត្រែង,ស្ពានព្រែកក្ដាម, ស្ពានព្រែកតាមាក់, ស្ពានជ្រោយចង្វារទី២, ស្ពានមេគង្គស្ទឹងត្រែង, ស្ពានតាខ្មៅ, ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ, ស្ពានមិត្តភាពកម្ពុជា-ចិន សែនសុខ, ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់- ក្រូចឆ្មារ និងស្ពានមិត្តភាពកម្ពុជា-ចិន(សិត្បូ)។
គូសបញ្ជក់ថា បន្ទាប់ពីបញ្ចប់គម្រោងសាងសង់នេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)