កំពង់ធំ៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្តុចំនួន ៦២៣ប័ណ្ណ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅភូមិក្តីតាចិន ឃុំទ្រៀល ស្រុកតាំងគោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្តុចំនួន ៦២៣បណ្ណ ជូនដល់ប្រជាពលរដ្ឋ នៅភូមិក្តីតាចិន ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។
បណ្ណកម្មសិទិ្ធដីធីជាង ៦០០បណ្ណ រួមមាន ដីលំនៅដ្ឋានចំនួន ២២៧បណ្ណ, ដីកសិកម្ម ៣៩៤បណ្ណ, ទ្រព្យវត្ត ២បណ្ណ និងដីគ្មានទិន្នន័យ ៤៦ប័ណ្ណ។ បើតាមការលើកឡើងឱ្យដឹងពី លោក ចាន់ តារា អភិបាលរង ខេត្តកំពង់ធំ។
លោក ចាន់ តារា លើកឡើងបន្តថា ស្រុកតាំងគោក ត្រូវបានក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ធំ បានចាប់អនុវត្តពីកំឡុងឆ្នាំ២០១៨ ដោយគិតរហូតមកដល់ថ្ងៃនេះអនុវត្តបានចំនួន ១៦ភូមិ ដែលស្ថិតក្នុងឃុំទ្រៀល។
លោក បានបន្ថែមថា ក្នុងនោះបានចេញបណ្ណជូនប្រជាពលរដ្ឋរួចបានចំនួន ៩ភូមិ និងត្រៀមចេញបណ្ណចំនួន ២ភូមិ សម្រាប់ភូមិក្តីតាចិន ជាភូមិទី១០ ដែលត្រូវប្រគល់បណ្ណជូនប្រជាពលរដ្ឋនៅថ្ងៃនេះផងដែរ។
នាឱកាសនោះ លោក ចាន់ តារា បានសំណូមពរដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ធំ ជំរុញការចុះបញ្ជីដីធ្លីឱ្យបានឆាប់ និងគ្រប់ភូមិ/ឃុំ ជូនដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកកាត់បន្ថយទំនាស់ និងកាត់បន្ថយភាពក្រីក្រ ព្រោះបើដីមានប្លង់កម្មសិទ្ធ គឺមានការពារដោយច្បាប់ធានាដោយរដ្ឋ ហើយប្រជាពលរដ្ឋអាចយកប្លង់ទៅប្រើប្រាស់ទាញយកប្រយោជន៍ដើម្បីលើកស្ទួយជីវភាពគ្រួសារ។
លោក ថោង ខុន រដ្ឋមន្ត្រី ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ធំ ក៏បានចូលរួមអបអរសាទរប្រជាពលរដ្ឋនៅភូមិក្តីតាចិន ឃុំទ្រៀល ស្រុកតាំងគោកទាំង ៣២២គ្រួសារ ទទួលបណ្ណកម្មសិទ្ធិ។ ជាមួយគ្នានោះ លោក ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋចូលរួមជាមួយមន្ត្រីជំនាញសុរិយោដី ក្នុងការចូលរួមវាស់វែងដីធ្លីឱ្យបានយ៉ាងសកម្ម ដើម្បីទទួលបានប្លង់កម្មសិទ្ធស្របច្បាប់នៅគ្រប់ភូមិដែលមានការចុះវាស់វែងជាប្រព័ន្ធ។
ដោយ៖ មឿន ឌីណា (Moeun Dyna)