ភ្នំពេញ៖ យោងតាមមាត្រា១៩៣ នៃច្បាប់ស្តីពីសារពើពន្ធ (២០២៣) បានចែងពីសិទ្ធិនិងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធដូចខាងក្រោម៖
អ្នកជាប់ពន្ធមានសិទ្ធិ៖
-ទទួលបាននូវការរក្សាទុកជាការសម្ងាត់ និងត្រូវបានយកមកប្រើប្រាស់តែក្នុងគោលដៅដែលមានបញ្ជាក់នៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារ នូវព័ត៌មាននានាទាក់ទិននឹងកិច្ចការអាជីវកម្មរបស់ខ្លួនដែលបានផ្ដល់ឱ្យរដ្ឋបាលសារពើពន្ធ
-ទទួលព័ត៌មានជាប្រចាំអំពីកិច្ចដំណើរការនៃប្រព័ន្ធព័ន្ធដារ និងនីតិវិធីនៃការកំណត់ពន្ធ, -ទទួលព័ត៌មានអំពីសិទ្ធិរបស់ខ្លួន រួមទាំងសិទ្ធិក្នុងការប្តឹងតវ៉ា
-ប្តឹងតវ៉ាចំពោះរាល់សេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ បង់ពន្ធមិនឱ្យលើសពីបទប្បញ្ញត្តិស្តីពីពន្ធដារ។
អ្នកជាប់ពន្ធមានកាតព្វកិច្ច៖
-ចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ, -ដាក់លិខិតប្រកាសសារពើពន្ធនិងផ្ដល់ព័ត៌មានតាមការតម្រូវនៃបទប្បញ្ញត្តិស្តីពីពន្ធដារ, -បង់ពន្ធតាមកាលបរិច្ឆេទកំណត់ដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារ
-កាន់កាប់ ថែរក្សា និងត្រូវបង្ហាញបញ្ជី លិខិតយុត្តិការ និងឯកសារផ្សេងៗដល់រដ្ឋបាលសារពើពន្ធ,
-បង្ហាញខ្លួនចំពោះរដ្ឋបាលសារពើពន្ធតាមកាលបរិច្ឆេទដែលមានចុះក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាលសារពើពន្ធ
-បង់ប្រាក់ពន្ធ ប្រាក់ពន្ធចង្កែប និងការប្រាក់ផ្សេងៗទៀតដែលរដ្ឋបាលសារពើពន្ធបានកំណត់ទៅតាមកាលបរិច្ឆេទ ឬដែលរដ្ឋបាលសារពើពន្ធបានជូនដំណឹងជាលាយលក្ខណ៍អក្សរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)