ព្រះសីហនុ៖ ផ្លូវក្រាវ៉ាត់ក្រុង ២ខ្សែ ខេត្តព្រះសីនុ មានប្រវែងសរុបប្រមាណ ៤៣,០២គីឡូម៉ែត្រ ដែលក្នុងនោះ ផ្លូវលេខ១៤៦B ឬវិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស និងផ្លូវខេត្តលេខ១៤៨ ឬតីរវិថីសម្តេចតេជោ ហ៊ុន សែន គឺជាខ្សែផ្លូវវាងក្រុងតភ្ជាប់គ្នា ដ៏មានសក្តានុពល ដោយតភ្ជាប់ពីទីប្រជុំជនទៅជាយក្រុង ទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរធម្មជាតិ ព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវទាំង ៣៧ខ្សែ នៅក្រុងព្រះសីហនុ។
ផ្លូវលេខ១៤៦B ឬវិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស មានប្រវែងប្រមាណ ២០,៦៧គីឡូម៉ែត្រ គិតចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ រហូតដល់ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។
ចំណែកឯ ផ្លូវខេត្តលេខ១៤៨ ឬតីរវិថីសម្តេចតេជោ ហ៊ុន សែន មានប្រវែងប្រមាណ ២២,៣៤គីឡូម៉ែត្រ បន្តពីស្រុកស្ទឹងហាវ រហូតដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ផ្លូវទាំងពីរខ្សែនេះ ត្រូវបានស្ថាបនាឡើងវិញទៅតាមលក្ខណៈបច្ចេកទេសនិងបែងចែកជា ២ប្រភេទរួមមាន៖ ១-កំណាត់ផ្លូវប្រវែងជិត ២១គីឡូម៉ែត្រ ត្រូវបានស្ថាបនាដោយក្រាលបេតុងកៅស៊ូ AC កម្រាស់៩សង់ទីម៉ែត្រ មានទទឹងតួផ្លូវ ១១ម៉ែត្រ និង ២-កំណាត់ផ្លូវប្រវែងជាង ២២គីឡូម៉ែត្រ ត្រូវបានស្ថាបនាដោយក្រាលបេតុងសរសៃដែកកម្រាស់ ២៦សង់ទីម៉ែត្រ ទទឹងតួផ្លូវ ១១ម៉ែត្រ រួមទាំងការសាងសង់សំណង់សិល្បការ្យផ្សេងៗ មានដូចជា សាងសង់ស្ពានថ្មី១កន្លែង និងពង្រីកស្ពានចាស់ ១៧កន្លែងនិងដាក់ លូគ្រប់ប្រភេទចំនួន ១៦១កន្លែង។
ជាមួយគ្នានេះ គម្រោងស្ថាបនាផ្លូវទាំងពីរខ្សែនេះបានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមេសា ឆ្នាំ២០២០ និងបញ្ចប់ជាស្ថាពរនៅអំឡុងខែសីហា ឆ្នាំ២០២២ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៨ខែ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន។ ការស្ថាបនាផ្លូវទាំងពីរខ្សែនេះ បានចំណាយថវិកាសាងសង់ជាង ៧៦លានដុល្លារអាម៉េរិក ជាប្រភពថវិកាសន្សំរបស់រាជរដ្ឋាភិបាលកម្ពុជា។
ផ្លូវទាំងពីរខ្សែនេះ គឺជាខ្សែផ្លូវវាងក្រុងតភ្ជាប់គ្នាដ៏មានសក្តានុពលដោយតភ្ជាប់ពីទីប្រជុំជនទៅជាយក្រុងទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរធម្មជាតិព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវទាំង៣៧ខ្សែ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុផងដែរ។
ផ្លូវទាំងពីរខ្សែនេះ បាននិងកំពុងជំរុញកំណើន ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទឆ្ពោះទៅតំបន់ឧស្សាហកម្មរោងចក្រតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយពុំចាំបាច់ឆ្លង កាត់ទីប្រជុំជនដែលអាចកាត់បន្ថយការកកស្ទះនៅក្នុងទីក្រុងបានមួយកម្រិតបន្ថែមទៀត។
ផ្លូវទាំងពីរខ្សែនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់ការតភ្ជាប់ នៅក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងកាន់តែងាយស្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើរ សំដៅជំរុញឱ្យមានកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងខេត្តភាគនិរតីនេះ។
តាមរយៈការខិតខំរបស់រាជរដ្ឋាភិបាល ផ្លូវខេត្តទាំងពីរខ្សែនេះ នឹងដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាលើកកម្ពស់ការតភ្ជាប់ខេត្តភាគនិរតីនេះ ឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងកាន់តែងាយស្រួលក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ឆ្ពោះទៅតំបន់ឧស្សាហកម្ម រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវនេះគឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើ ដល់ការដឹកជញ្ជូនទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់ប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាសម្រួលដល់ការធ្វើដំណើរនានារបស់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ទំនប់រលកចាស់នៃក្រុងព្រះសីហនុតែម្តង ជាពិសេសផ្លូវនេះ នឹងចូលរួមចំណែកយ៉ាងច្រើន ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ តាមផ្លូវជាតិលេខ៤ ចំពោះរថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ ដូចជាកុងតឺន័រ ជាដើម។
គូសបញ្ជាក់ថា ផ្លូវទាំងពីរខ្សែនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២៕
ដោយ៖ មឿន ឌីណា (Moeun Dyna)