ភ្នំពេញ៖ ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រវែង ៦២០ម៉ែត្រ ដែលបានសាងសង់រយៈពេល២១ ចាប់ពីឆ្នាំ២០១៧ ដល់២០២៩ ក្នុងទឹកប្រាក់ប្រមាណ ៦៧០លានបាត (ប្រមាណជាង ១៩លានដុល្លារអាមេរិក) ផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការបង្កើតការងារ និងការទាក់ទាញភ្ញៀវទេសចរ។
សមិទ្ធផលស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រវែងស្ពានសរុប ៦២០ម៉ែត្រ ផ្នែកខាងកម្ពុជា ២១៥ម៉ែត្រ និងផ្នែកខាងថៃ ៤០៥ម៉ែត្រ។ ចំណុចចាប់ផ្ដើមស្ពាននេះ ចេញពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយនិងចំណុចបញ្ចប់ ច្រកព្រំដែន ប៉ោយប៉ែត-ថៃ។
ស្ពានមិត្តភាពកម្ពុជា-ថៃ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ និងបានបញ្ចប់ការសាងសង់កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ សាងសង់ដោយ កងវិស្វកម្ម នៃកងទ័ពភូមិន្ទថៃ ត្រួតពិនិត្យដោយ នាយកដ្ឋានហាយវ៉េ (DOH) របស់ក្រសួងដឹកជញ្ជូនថៃ រយៈពេលសាងសង់ ២១ខែ ទំហំទឹកប្រាក់គម្រោងប្រមាណ ៦៧០លានបាត (ស្មើនឹងប្រមាណជាង ១៩លានដុល្លារអាមេរិក)។
សមិទ្ធផលនេះ ផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការបង្កើតការងារ និងការទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់អាស៊ាន ក្នុងការតភ្ជាប់ ប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូល (Asean Connectivity)។
សូមបញ្ជក់ថា បច្ចុប្បន្ន កម្ពុជាកំពុងសាងសង់អគាររដ្ឋបាលច្រកអន្តរជាតិ ស្ទឹងបត់-បាណងអៀន និងខ្សែផ្លូវតភ្ជាប់ ទៅកាន់ផ្លូវជាតិលេខ៥ និងសម្រេចវឌ្ឍនភាពការងារបានជាង ៨៥% ហើយ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)