ភ្នំពេញ៖ ផ្លូវជាតិលេខ៣ ពីភ្នំពេញ ឆ្លងកាត់តាកែវ ទៅកំពត មានប្រវែង ១៣៤,៧៩៦គីឡូម៉ែត្រ ដែលបានជួសជុលកែលម្អឱ្យប្រសើរឡើងវិញកាលពីឆ្នាំ២០១៨ និងបានបញ្ចប់ឆ្នាំ២០២១ បាននិងកំពុងធ្វើឱ្យប្រជាពលមានជីវភាពល្អ ជាពិសេសជំរុញកំណើនសេដ្ឋកិច្ចជាតិបានមួយកម្រិតទៀត។
សមិទ្ធផលផ្លូវជាតិលេខ៣ ក្រោយពីបានជួសជុលកែលម្អឱ្យប្រសើរឡើងវិញ ដែលមានប្រវែង ១៣៤,៧៩៦គីឡូម៉ែត្រ ចេញពីភ្នំពេញ ទៅដល់ខេត្តកំពត ដោយឆ្លងកាត់ខេត្តតាកែវ បាននិងកំពុងផ្ដល់ភាពងាយស្រួល ក្នុងការធ្វើដំណើរ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិបានមួយកម្រិតថែមទៀត។
ផ្លូវជាតិលេខ៣ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់ក្នុងខែកញ្ញា ឆ្នាំ២០២១ ដែលចែកជាពីរដំណាក់កាល ដំណាក់កាលទី១ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង៧០គីឡូម៉ែត្រ និងដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង៦៤,៨២៦គីឡូម៉ែត្រ។
បើតាមគម្រោងកែលលម្អឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៣ ដំណាក់កាលទី១ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង ៧០គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់ ៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។
ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង ៦៤,៨២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវAC កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវ រហូតដល់ ១២ម៉ែត្រ ចែកជា២គន្លង។
សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) និងត្រួតពិនិត្យដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd)។ ទំហំទឹកប្រាក់គម្រោងប្រមាណ ២១៩ ៩១១ ០០០ដុល្លារអាមេរិក។
សមិទ្ធផលនេះ បាននិងកំពុងផ្ដល់ភាពងាយស្រួល ក្នុងការធ្វើដំណើរ លឿន កាត់បន្ថយពេលវេលា កាត់បន្ថយការចំណាយ អាចប្រកួតប្រជែង ទាក់ទាញទេសចរណ៍ ដឹកជញ្ជូនទំនិញកសិផលទៅកាន់ទីផ្សារ ទាក់ទាញការវិនិយោគ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិបានមួយកម្រិតថែមទៀត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)