ភ្នំពេញ៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមាន ១៨៥,៧ទ្រីលានរៀល (៤៥,៨ ប៊ីលានដុល្លារអាមេរិក) កើនឡើង ៩% ធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២២ ដែលមានប្រភពទុនចម្បង មកពីប្រទេស ចិន កូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន វៀតណាម ម៉ាឡេស៊ី ថៃ និងចក្រភពអង់គ្លេស។ នេះបើយោងតាមធនាគារជាតិនៃកម្ពុជា (NBC)។
លំហូរវិនិយោគនេះគ្របដណ្តប់លើវិស័យធំៗដូចជា វិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារនិងរមណីយដ្ឋាន កសិកម្ម វារីអគ្គិសនី និងសំណង់។ បើតាមការឱ្យដឹងពី NBC។
ប្រទេសចិន (រួមបញ្ចូលហុងកុង ម៉ាកាវ និងតៃវ៉ាន់) បានបន្តឈរនៅមុខគេ ដោយមានទុនវិនិយោគ ៨៣,៥ទ្រីលានរៀល (២០,៦ពាន់លានដុល្លារ) កើនឡើង ១១,១%។ បើតាមការបញ្ជាក់របស់ NBC បានបន្តទៀតថា ប្រទេសកូរ៉េខាងត្បូង ២២,៤ទ្រីលានរៀល (៥,៥ពាន់លានដុល្លារ) កើន ១០,៤%, សិង្ហបុរី ១២,១ទ្រីលានរៀល (២,៩ពាន់លានដុល្លារ) កើន ៨,៨។
ជាមួយគ្នា ជប៉ុន ១១,៣ទ្រីលានរៀល (២,៨ពាន់លានដុល្លារ) កើនឡើង ១១,៦%, វៀតណាម ១០,២ទ្រីលានរៀល (២,៥ ពាន់លានដុល្លារ) កើន ០,៤%, ម៉ាឡេស៊ី ៨,៣ទ្រីលានរៀល (២,០៤ពាន់លានដុល្លារ) កើន ៥%, ថៃ ៧,៨ទ្រីលានរៀល (១,៩២ពាន់លានដុល្លារ) កើន ៤,៥%, ចក្រភពអង់គ្លេស ៦,១ទ្រីលានរៀល (១,៥ពាន់លានដុល្លារ) កើន ៦,២% និងប្រទេសផ្សេងៗទៀត ២៤ទ្រីលានរៀល (៥,៩១ពាន់លានដុល្លារ) កើន ៧,៣%។
បើតាម NBC បានបន្ថែមថា បើធ្វើការបែងចែកតាមវិស័យ គឺវិស័យហិរញ្ញវត្ថុ ទទួលបានទុនវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ ដោយមានប្រាក់ ៤៣,៨ទ្រីលានរៀល ស្មើ ២៣,៥៨% នៃចំណែកសរុប, វិស័យកម្មន្តសាល ៣៩,២ទ្រីលានរៀល ស្មើនឹង ២១,១%, អចលនទ្រព្យ ២១,៥ទ្រីលានរៀល ស្មើ ១១,៥៧%, សណ្ឋាគារ និងភោជនីយដ្ឋាន ១៩,១ទ្រីលានរៀលស្មើនឹង ១០,២៨%, កសិកម្ម ១៧,៧ទ្រីលានរៀល ស្មើ ៩,៥៣%, វារីអគ្គិសនី ១១,៧ទ្រីលានរៀល ស្មើ ៦,៣%, សំណង់ ៩,៨ ទ្រីលានរៀល ស្មើ ៥,២៧% និងវិស័យផ្សេងៗទៀត ២២,៩ទ្រីលានរៀល ស្មើ ១២,៣៣%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)