Register Already an agent ? Login

វឌ្ឍនភាព គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្សកម្ពស់ពីរជាន់ សម្រេចបាន ២៥% ហើយ

ភ្នំពេញ៖ គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្សកម្ពស់ពីរជាន់ ដែលបានបើកការដ្ឋានកាលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វឌ្ឍនភាព គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ សម្រេចបាន ២៥% ហើយ។ នេះបើតាមមន្ទីរសារធារណការ និងដឹកជញ្ជួនរាជធានីភ្នំពេញនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ថា តាមផែនការគម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅខែសីហា ឆ្នាំ២០២៥។

គម្រោងនេះ ជាស្ពានអាកាសកម្ពស់ ២ជាន់ ដែលនឹងសម្រួលលំហូរចរាចរលើដងមហាវិថី ព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថី កងយោធពលខេមរភូមិន្ទ និងតភ្ជាប់ចរាចរពីតំបន់ក្នុងទីក្រុង ទៅមកអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលស្ថិតនៅខេត្តកណ្ដា និងតាកែវ ចម្ងាយ ២០គីឡូម៉ែត្រ ពីភាគខាងត្បូងរាជធានីភ្នំពេញ។

បើតាមសារព័ត៌មាន BTV បានស្រង់សំដី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញថា ការដ្ឋានកំពុងមានសកម្មភាពនៅលើផ្លូវ ៦០ម៉ែត្រ នៅតំបន់N1 និងនៅតំបន់ N2 និងការដ្ឋាននៅលើមហាវិថីព្រះមុនីវង្ស តំបន់N3 បានខួងគ្រឹះហើយដែរ។ លោក បានបញ្ជាក់ថា នៅលើផ្លូវលេខ២៧១ ពុំទាន់បានចូលសាងសង់នៅឡើយនោះទេ។

សូមរម្លឹកថា គម្រោងសាងសង់ស្ពានកម្ពស់២ជាន់នេះ ចំណាយថវិកាប្រមាណ ៣៦,៧៧​លាន​ដុល្លារ សាងសង់ដោយក្រុមហ៊ុន OCIC រយៈពេល ៣៦ខែ។

បច្ចុប្បន្ន នៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)