ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៤ ដែលមានទុនវិយោគសរុប២៦.៧លានដុល្លារ នឹងសាងសង់រោងចក្រ នៅភ្នំពេញ កំពង់ស្ពឺ និងព្រះសីហនុ។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនទាំង៤ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១-ក្រុមហ៊ុន RUNZHIMAO HEALTH CO., LTD គម្រោងបង្កើតរោងចក្រផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៨៥កន្លែង។
២-ក្រុមហ៊ុន LITESUN HOMEDECOR CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើងលម្អគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៧,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៦៥កន្លែង។
៣-ក្រុមហ៊ុន BRIGHT PLASTIC (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតសម្ភារសម្អាតផ្ទះគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២១៦កន្លែង។
៤-ក្រុមហ៊ុន HEN YANG (CAMBODIA) APPAREL MANUFACTURING CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅក្បាលដីលេខ៣៨១ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២,១៤១កន្លែង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)