Register Already an agent ? Login

រោងចក្រថ្មីចំនួន៥ ទុនសរុបជាង ៥០លានដុល្លារ នឹងធ្វើនៅខេត្តកណ្ដាល កំពង់ស្ពឺ និងតាកែវ ផ្ដល់ការងារជាង ១ម៉ឺនកន្លែង

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៥ បង្កើតរោងចក្រកាត់ដេរ និងផលិតវ៉េនតា ក្រោមទុនវិនិយោគសរុប ៥០.៧លានដុល្លារ អាចផ្ដល់ការងារ​ប្រមាណ ១៣,៧២២កន្លែង នៅខេត្តកណ្ដាល កំពង់ស្ពឺ និងតាកែវ។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនទាំង៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-ក្រុមហ៊ុន TARAL INTERNATIONAL CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅផ្លូវជាតិលេខ៣ ភូមិព្រៃតាមួចនិងភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៥,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦,៩៣៥កន្លែង។

២-ក្រុមហ៊ុន SUPER KNITTING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតស្រោមជើង ស្រោមដៃ អាវចាក់ និងសម្លៀកបំពាក់ ស្ថិតនៅភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៨,៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣,៥៦៩កន្លែង។

៣-ក្រុមហ៊ុន UNITED CREATION OPTICAL (CAMBODIA) COMPANY LIMITED គម្រោងបង្កើតរោងចក្រផលិតវ៉ែនតា និងដងវ៉ែនតាគ្រប់ប្រភេទ ទីតាំងស្ថិតនៅ Block K (ទី១១) និង Block Q (ទី១២) ផ្លូវជាតិលេខ៤១ (ផ្លូវព្រះអង្គឌួង) ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦៩៦នាក់។

៤-ក្រុមហ៊ុន SSCA GARMENT CO., LTD គម្រោងបង្កើតរោងចក្រចាក់សម្លៀកបំពាក់ ទីតាំងស្ថិតនៅភូមិព្រែកបិ ឃុំកោះធំ (ខ) ស្រុកកោះធំ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,១៩១កន្លែង។

៥-ក្រុមហ៊ុន FOTON PACKAGING PRODUCT CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូប ថង់យួរ និងស្រោមសម្លៀកបំពាក់ ទីតាំងស្ថិតនៅភូមិតាបួរ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៣៣១កន្លែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)