Register Already an agent ? Login

វឌ្ឍនភាពគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានជាង៥០% ចំណាយទឹកប្រាក់៧១២លានដុល្លារ

ភ្នំពេញ៖ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) ក្នុងដំណាក់កាលទី១ នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ២៦០០ហិកតា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វឌ្ឍនភាពសម្រេចបានជាង ៥០% ចំណាយទឹកប្រាក់សរុបចំនួន ៧១២លានដុល្លារ។ បើតាមការឱ្យដឹងពី លោក ស៊ីន ចាន់​សិរី​វុត្ថា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល។

​ដំណាក់កាល​ទី​១ គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៤ និង​គ្រោង​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៥ ប្រសិនបើ​គ្មានអ្វី​ប្រែប្រួល​ទេ ​នេះ​បើយោង​លើ​កម្មវិធី​ការងារ​មេ (Updated Master Schedule)​ ដែល​បានធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ​ដោយ​ក្រុមហ៊ុន​សាងសង់ CAIC​។​ បើតាមការបញ្ជាក់របស់ លោក ស៊ីន ចាន់​សិរី​វុត្ថា។

លោក ស៊ីន ចាន់​សិរី​វុត្ថា បានបន្តថា នៅពេលដំណាក់កាល​ទី​១ ត្រូវបាន​បញ្ចប់ អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោនឹងមាន​សមត្ថភាព​ទ​ទួលបាន​ការចុះ​ចត​យ​ន្ត​ហោះ​រហូតដល់​កូដ​អេ​ហ្វ (Code E: A-340-300, A350-900 និង B777- 200/300ER, B747-300/400) ដែលមាន​ចំណត​យន្តហោះ​ចំនួន ៣២​ចំណត អាច​ទទួល​អ្នកដំណើរ​បាន​ពី ១៣​លាន​ទៅ​១៥​លាន​នាក់​ក្នុង១​ឆ្នាំ ពោលពឺឆ្នាំ២០២៤ ហើយនិង​អាច​ទទួល​ទំនិញ​តាមផ្លូវ​អាកាស​ពី ១៧៥ ០០០តោន​ក្នុង១​ឆ្នាំ(២០២៤) ទៅ​៣០ ០០០​តោនក្នុង​១ឆ្នាំ(២០៣០-២០៤០)។

​ការសាងសង់​ផ្លូវ​ត​ភ្ជាប់​ពី​មហាវិថី​សម្តេច ហ៊ុនសែន ឆ្ពោះទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ដែលមាន​ទទឹង​ប្រវែង​ ៦០​ម៉ែត្រ និង​បណ្តោយ​ប្រវែង ​១៣,៥គីឡូម៉ែត្រ វឌ្ឍនភាពសម្រេចបាន ៤៦%។ បើតាមការបន្ថែមរបស់ លោក ស៊ីន ចាន់​សិរី​វុត្ថា បានបន្ថែមទៀតថា ​ផ្លូវ​នេះ​ត្រូវបាន​ត​ភ្ជាប់​ពី​មហាវិថី​សម្ដេច​ហ៊ុនសែន កាត់​ផ្លូវជាតិ​លេខ​២ ឆ្ពោះ​ត្រង់​ទៅកាន់​អាកាសយានដ្ឋា​ន​អន្តរជាតិ​តេ​ជោ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)