Register Already an agent ? Login

ប្រៀបធៀប ផ្លូវល្បឿនលឿនទី១ ភ្នំពេញ-ក្រុងព្រះសីហនុ និង ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-ក្រុងបាវិត

ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងផ្លូវសរុប ១៨៧,០៥គីឡូម៉ែត្រ ចំណាយទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារ កាត់បន្ថយពេលវេលាធ្វើដំណើរប្រមាណ៥ម៉ោង មក ២ម៉ោង។ ចំណែកផ្លូវល្បឿនលឿនទី២ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ប្រវែងផ្លូវសរុប ១៣៥,១០គីឡូម៉ែត្រ ចំណាយទឹកប្រាក់ ប្រមាណ ១,៣៥ពាន់លានដុល្លារ កាត់បន្ថយពេលវេលាធ្វើដំណើរ មកត្រឹមប្រមាណ ១ម៉ោងកន្លះ។

១. ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងផ្លូវសរុប ១៨៧,០៥គីឡូម៉ែត្រ តួផ្លូវទទឹង ២៤ម៉ែត្រ។ ចាប់ផ្ដើម នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបញ្ចប់នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បានបើកការដ្ឋានសាងសង់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។ រយៈពេលសាងសង់ ៤០ខែ ទំហំទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារ។ សាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC)។  ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីប្រមាណ៥ម៉ោង មក ២ម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មជាដើម។

២. ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ប្រវែងផ្លូវសរុប ១៣៥,១០គីឡូម៉ែត្រ។ ចាប់ផ្ដើម នៅឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល និងបញ្ចប់នៅក្រុងបាវិត ខេត្តស្វាយរៀង។

បានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នឹងបញ្ចប់ការសាសង់នៅក្នុងអំឡុងឆ្នាំ២០២៧ រយៈពេលសាងសង់ ៤៨ខែ ទំហំទឹកប្រាក់ប្រមាណ ១,៣៥ពាន់លានដុល្លារ។ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)។

គម្រោងផ្លូវល្បឿនលឿនទី២ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដូចជាការសម្រាលបន្ទុកចរាចរណ៍លើផ្លូវជាតិលេខ១ ដែលកំពុងមានកំណើនចរាចរណ៍ដ៏មមាញឹក និងមានហានិភ័យខ្ពស់ នៃគ្រោះថ្នាក់ចរាចរណ៍ ហើយផ្លូវល្បឿនលឿននេះ នឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរ មកត្រឹមប្រមាណ ១ម៉ោងកន្លះ ដែលកន្លងមក យើងប្រើប្រាស់ពេលវេលាប្រមាណ ៤ម៉ោង សម្រាប់រថយន្តទេសចរណ៍ និងប្រមាណ ៥-៦ម៉ោង សម្រាប់រថយន្តកុងតឺន័រ។

មួយវិញទៀត ផ្លូវល្បឿនលឿនទី២នេះ នឹងជួយជំរុញឱ្យមានកំណើនវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍នៅរាជធានីភ្នំពេញ ក្រុងថ្មីអរិយក្សត្រ នៃខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តស្វាយរៀង និងក្រុងបាវិត ជាពិសេសសកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងការដឹកជញ្ជូន ឆ្លងកាត់ព្រំដែនទ្វេភាគី រវាងប្រទេសកម្ពុជា-វៀតណាម ក្នុងក្របខណ្ឌអាស៊ាន និងមហាអនុតំបន់មេគង្គជាដើម៕

ដោយ៖ ​មឿន ឌីណា (Moeun Dyna)