ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិចំនួន ៣៣ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ២២៩.២៣លានដុល្លារ ដែលទាបជាងស្រូវនាំទៅប្រទេសជិតខាងចំនួន ២ ២២៤ ៩១តោន គិតជាទឹកប្រាក់សរុប ៥៧៨.៦៧លានដុល្លារ។ បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
រយៈពេល ៦ខែ ឆ្នាំ២០២៣ កម្ពុជាបានសម្រេចនាំចេញអង្ករចំនួន ៣២៩ ៦៣៣តោន ទៅកាន់គៅលដៅចំនួន ៥២លើពិភពលោក ដោយក្រុមហ៊ុនចំនួន៥០ ដែលក្នុងនោះ ទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចំនួន ១៣៨ ៣៦៤តោន គិតជាទឹកប្រាក់ទឹកប្រាក់ចំនួន ៨៨.៩៦លានដុល្លារ។
ជាមួយគ្នានោះទៅកាន់ប្រទេសទ្វីបអឺរ៉ុបចំនួន២៥ បរិមាណ ១២២ ១១៧តោន គិតជាទឹកប្រាក់៨៦.៧៦លានដុល្លារ, ប្រទេសសមាជិកអាស៊ានចំនួន៤ បរិមាណ ២៨ ១១០តោន គិតជាប្រាក់ចំនួន១៨.៨៧លានដុល្លារ និងគោលដៅផ្សេងៗទទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា។ល។ មានគោលដៅចំនួន២១ មានបរិមាណ ៤១ ០៤២តោន គិតជាទឹកប្រាក់ ៣៤.៧៣លានដុល្លារ។
គូសបញ្ជាក់ថា ប្រទេសអាស៊ាន មានភីលីពីន និងប្រុយណេ បានទិញអង្ករពីកម្ពុជាច្រើនជាងគេ។
បើតាមរបាយការណ៍បានបញ្ជាក់ថា ការនាំចេញអង្ករកម្ពុជា ក្នុងនោះមាន អង្ករក្រអូបគ្រប់ប្រភេទ ៨៥.០៨%, អង្ករគ្រាប់វែងចំនួន ១១.៣៤%, អង្ករសគ្រាប់ខ្លីចំនួន ០,១៤%, អង្ករចំហ៊ុយ ២,៤២%។
ក្រៅតែពីការនាំចេញអង្ករ ក៏មាននាំចេញស្រូវទៅប្រទេសជិតខាងសរុបចំនួន ២ ២២៤ ៩១តោន គិតជាទឹកប្រាក់សរុប ៥៧៨.៦៧លានដុល្លារ ក្នុងនោះ ៥៥% ឆ្លងកាត់ការស្នើសុំបញ្ជាក់ឯកសារចេញពីអាជ្ញធរមានសមត្ថកិច្ច៕
ដោយ៖ មឿន ឌីណា (Moeun Dyna)