ភ្នំពេញ៖ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គប្រវែងប្រមាណ ៥គីឡូម៉ែត្រ គ្រោងចំណាយទឹកប្រាក ២៣០លានដុល្លារ តភ្ជាប់ទៅគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កំពុងសិក្សាសមិទ្ធិលទ្ធភាពឱ្យគ្រប់ជ្រុងជ្រោយ តាមស្តង់ដារបច្ចេកទេស និងមានលក្ខណៈសមស្របតាមស្ថានភាពបច្ចុប្បន្ននៃប្រទេសកម្ពុជា។ បើតាមកិច្ចប្រជុំគម្រោងសាងសង់ស្ពាននេះ ដែលដឹកនាំដោយ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ តភ្ជាប់ទៅគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេសរបស់ក្រសួង និងក្រុមហ៊ុនសាជីវកម្ម ស្ពាន-ថ្នល់ចិន (CRBC) ជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើរបាយការណ៍ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ តភ្ជាប់ទៅគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ក៏ដូចជាដើម្បីប្រមូលមតិយោបល់ និងធាតុចូលពីអ្នកជំនាញបច្ចេកទេសក្រសួង និងក្រុមហ៊ុនសាជីវកម្ម ស្ពាន-ថ្នល់ចិន (CRBC) សំដៅធ្វើយ៉ាងណាឱ្យរបាយការណ៍នៃការសិក្សានេះ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទទួលយកបានពីភាគីពាក់ព័ន្ធ។
ក្នុងនោះដែរ អង្គប្រជុំបានជជែកពិភាក្សាលម្អិតលើផ្នែកបច្ចេកទេសនីមួយៗ ក្នុងការកែសម្រួល និងបំពេញបន្ថែមនូវតម្រូវការចាំបាច់មួយចំនួន ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ដង់ដារបច្ចេកទេស និងសមស្របតាមស្ថានភាពបច្ចុប្បន្នសម្រាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោក រដ្ឋលេខាធិការប្រធានអង្គប្រជុំ បានជំរុញលើកទឹកចិត្តឱ្យមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធទាំងអស់ ផ្តល់មតិយោបល់ និងពិភាក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀតទាក់ទងនឹងបញ្ហាបច្ចេកទេស ដើម្បីបំពេញបន្ថែមចំណុចខ្វះក្នុងរបាយការណ៍នេះ។
សូមរម្លឹកថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានឹងបញ្ចេញថវិការដ្ឋចំនួន ២៣០លានដុល្លារ សម្រាប់សាងសង់ស្ពានដែលឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង ក្នុងគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិត។
សម្ដេចតេជោ បានថ្លែងបន្តថា ស្ពាននេះនឹងប្រគល់ឱ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនភ្នំពេញ-បាវិត ធ្វើហើយយើងអ្នកចេញលុយព្រោះគេមានបច្ចេកទេស។ សម្តេចបានអះអាងបែបនេះ ស្របពេលកម្ពុជានឹងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិតនៅថ្ងៃខាងមុខនេះ ខណៈប្រទេសវៀតណាមនឹងធ្វើផ្លូវល្បឿនលឿនពីទីក្រុងហូជីមិញមកភ្ជាប់ជាមួយទល់ដែនកម្ពុជា។
បើតាមការបញ្ជាក់ពី លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅ គម្រោងស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ នឹងសាងសង់នៅតំបន់លើកដែកនៃស្រុកកៀនស្វាយ ក្បែរគម្រោងផ្លូវក្រវាត់ក្រុងទី៣ តភ្ជាប់ពីផ្លូវជាតិលេខ១ ឆ្លងទៅតំបន់ល្វាឯមឡើងទៅកាន់ផ្លូវល្បឿនលឿនតែម្ដង។ ផ្លូវល្បឿនលឿននេះមានចម្ងាយប្រមាណ ១៣៨គីឡូម៉ែត្រ និងត្រូវធ្វើស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយឆ្លងទន្លេមេគង្គ។ គិតទាំងស្ពាន និងផ្លូវតភ្ជាប់មានប្រវែងប្រហែល ៥គីឡូម៉ែត្រ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)