ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដែលបានបើកកិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) ជុំទី២ កាលពីថ្ងៃទី៤-៦ ខែមេសា ឆ្នាំ២០២៣ បានបញ្ចប់ហើយ។ ដោយឡែកចំណុចនៅសេសសល់ភាគីទាំងពីរនឹងបន្តពិភាក្សា និងស្នើសុំពីថ្នាក់ដឹកនាំរៀងៗខ្លួនបន្ថែមទៀត ដើម្បីឈានទៅបញ្ចប់ការចរចាទាំងស្រុងឱ្យបានឆាប់។ បើតាមការជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ។
លោក សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្មគោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរ បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) ជុំទី២ រវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។ ខាងភាគី អេមីរ៉ាតអារ៉ាប់រួម លោក Hamid Nasr Mohamed ទីប្រឹក្សានៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ដឹកនាំមន្រ្តីជំនាញចូលរួមក្នុងនាមជាម្ចាស់ផ្ទះ។
លោក សេង ជាសិទ្ធ បានវាយតម្លៃខ្ពស់អំពីកិច្ចខិតខំរបស់ក្រសួងហិរញ្ញវត្ថុនៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីរៀបចំឱ្យមានកិច្ចប្រជុំចរចា DTA ជុំទី២ នេះ ជាលក្ខណៈរូបវន្តនាពេលនេះ។ លោក បានបន្តថា ភាគីទាំងពីរ បានពិភាក្សាលម្អិតលើគ្រប់មាត្រាទាំងអស់ ដែលនៅសល់ពីការចរចាជុំទី១ និងជាលទ្ធផលបានដោះស្រាយបញ្ហាដែលនៅសេសសល់ជាច្រើនដែលក្នុងនេះ មាត្រាចំនួន២៤ ក្នុងចំណោមមាត្រាសរុបចំនួន៣១ ត្រូវបានឯកភាពទាំងស្រុង
លោក បានបន្ថែមថា ដោយឡែកសម្រាប់មាត្រា និងចំណុចដែលនៅសេសសល់ ភាគីទាំងពីរនឹងបន្តពិភាក្សា និងស្នើសុំការសម្រេចពីថ្នាក់ដឹកនាំរៀងៗខ្លួនបន្ថែមទៀត ដើម្បីឈានទៅបញ្ចប់ការចរចា ទាំងស្រុងឱ្យបានឆាប់។
សូមរម្លឹកថា ភាគីទាំងពីរ បានចរចាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) ជុំទី១ កាលពីថ្ងៃទី២៧-២៩ ខែកញ្ញា ឆ្នាំ២០២១។
កាលពីថ្មីៗនេះ កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ កម្ពុជា និងនិងអេមីរ៉ាតអារ៉ាប់រួម ទើបតែបានប្រកាសរួមគ្នាអំពីការបញ្ចប់ការចរចាផ្លូវការ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ(Cambodia-UAE CEPA) តាមរយៈប្រព័ន្ធវីដេអូ ដោយមានវត្តមានចូលរួមពីប្រធានក្រុមចរចា, តំណាងក្រុមការងារចរចា និងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរ។
កិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះគ្របដណ្តប់លើពាណិជ្ជកម្មទំនិញ, វិធានដើមកំណើតទំនិញ, នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម, អនាម័យនិងភូតគាមអនាម័យ, របាំងបច្ចេកទេសពាណិជ្ជកម្ម, ឧបាស្រ័យពាណិជ្ជកម្ម, វិនិយោគ, ពាណិជ្ជកម្មសេវា, ពាណិជ្ជកម្មឌីជីថល, កម្មសិទ្ធិបញ្ញា, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស, សហគ្រាសធុនតូចនិងមធ្យម តម្លាភាព, យន្តការដោះស្រាយវិវាទ, អញ្ញត្រកម្ម, រដ្ឋបាលកិច្ចនៃកិច្ចព្រមព្រៀង និងអវសានប្បញ្ញត្តិ។
តាមរយៈកិច្ចព្រមព្រៀងនេះប្រទេសទាំងពីរ នឹងអាចទាញយកអត្ថប្រយោជន៍ជាអតិបរមាក្រោមក្របខ័ណ្ឌនេះ ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចសម្រាប់ប្រជាជននៃភាគីទាំងពីរ តាមរយៈការលើកកម្ពស់ខ្សែចង្វាក់តម្លៃ កិច្ចសម្រួលពាណិជ្ជកម្ម ការជំរុញវិនិយោគទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលនានា ដែលជាកាលានុវត្តភាពថ្មីៗ ផ្តល់ដោយអាស៊ាន និងតំបន់មជ្ឈិមបូព៌ា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)