Register Already an agent ? Login

គម្រោងពង្រីក និងលើកកម្រិតគុណភាពគផ្លូវជាតិលេខ៣១ ប្រវែងជាង ៥៣គ.ម សម្រេចបាន ១០០% ហើយ

កំពត៖ គម្រោងពង្រីក និងលើកកម្រិតគុណភាពគផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៤គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ តភ្ជាប់ផ្លូវជាតិលេខ៣៣) សម្រេចការសាងសង់បាន ១០០% ហើយ។ បើតាម លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារចុះពិនិត្យបច្ចេកទេសលម្អិត វាយតម្លៃយល់ព្រមទទួលយក។

លោក ខាន់ ម៉ាណេរ ជានាយកគម្រោង បានមានប្រសាសន៍ថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ វឌ្ឍនភាពនេះ សម្រេចបាន១០០% ដោយដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នក្នុងរយៈពេល១ឆ្នាំ ដើម្បីបន្តពិនិត្យគុណភាព មុននឹងទទួលយកជាស្ថាពរ។

ការចុះពិនិត្យនេះ គឺក្នុងគោលបំណងដើម្បីពិនិត្យមើលស្ថានភាពសាងសង់ និងការងារបច្ចេកទេស ក្នុងន័យ អាចធានាបានថាគម្រោងផ្លូវជាតិលេខ៣១  អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។ ជាការបញ្ជាក់ នាយកគម្រោង។

ក្នុងដំណើរបេសកកម្មនេះ មានការចូលរួមពី អនុរដ្ឋលេខាធិការ លោក លោកស្រី ក្រុមការងារពាក់ព័ន្ធគម្រោង និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន ផងដែរ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឱកាសនោះ លោក ខាន់ ម៉ាណេរ នាយកគម្រោង បានថ្លែងអំណរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធ ដែលបានខិតខំបំពេញកិច្ចការងារដោយយកចិត្តទុកដាក់។ លោក បានក្រើនរំឮកដល់ក្រុមហ៊ុនសាងសង់ បំពេញកិច្ចការងារដែលនៅសេសសល់តិចតួច ដូចជា មានការដាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាតាមដងផ្លូវជាដើម ត្រូវបញ្ចប់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស កំណត់ទីតាំងឱ្យបានច្បាស់លាស់។

ទន្ទឹមនោះដែរ ក្រុមហ៊ុនបានទទួលយល់ព្រមដោយសន្យាថានឹងរៀបចំឱ្យបានរួចរាល់ និងបានឆាប់ជូន មុនពិធីបុណ្យសមុទ្រដែលប្រព្រឹត្តិទៅនាពេលឆាប់ៗខាងមុខ ដើម្បីជាការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។

សូមរម្លឹកថា ផ្លូវជាតិលេខ៣១ មានប្រវែងសរុបប្រមាណ ៥៣,៥៣គីឡូម៉ែត្រ គ្រោងចំណាយថវិកាជាង ៦០លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។

លើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅទិសឆ្ពោះទៅខេត្តតំបន់ឆ្នេរសមុទ្រនេះដែរ រាជរដ្ឋាភិបាលមានគម្រោងសាងសង់កែលម្អផ្លូវ ជាតិ​លេខ៣១ លេខ៣៣ លេខ៤១ ក្នុងពេលជាមួយគ្នាដើម្បីឱ្យ​បណ្តាញផ្លូវជាតិប្រទាក់ក្រឡាគ្នា និងតភ្ជាប់ពីខេត្តកែប ជា​មួយផ្លូ​វជាតិលេខ៣ដែលទើបបានសាងសង់ចប់ជាស្ថាពរនាពេលកន្លងទៅថ្មីៗ។

លទ្ធផលនៃគម្រោងស្ដារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធនានាខាងលើស្របពេល ដែល​រដ្ឋបាលខេត្តកំពតត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ ក្រោមប្រធានបទ”អបអរសាទរ បេតិកភណ្ឌនិងចីរភាព នៃតំបន់ឆ្នេរ” នឹងប្រព្រឹត្ត ទៅចាប់​ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅ​បរិវេណ​ឆ្នេរ ចន្លោះស្ពានឥន្ធធនូ និងស្ពានថ្ម។

ពិធីបើកជាផ្លូវការ​នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែធ្នូ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី៕

ដោយ៖ មឿន ឌីណា (Moeun Dyna)