ភ្នំពេញ៖ ស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ស្ថិតនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញបានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ខណៈស្ពានដែកបេឡឫស្សីកែវត្រូវបិទការធ្វើចរាចរណ៍ ដើម្បីធានាសណ្តាប់ធ្នាប់ និងបញ្ចៀសការកកស្ទះចរាចរណ៍ឆ្លងកាត់ផ្លូវមុខស្ពានដែកបេឡេនេះ។ បើតាមការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។
ការប្រកាសដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានបេតុងឆ្លងទន្លេសាបក្នុងភូមិសាស្ត្រនៃខណ្ឌទាំង២ ខាងលើបានធ្វើឡើងបន្ទាប់ពីរដ្ឋបានរាជធានីភ្នំពេញពិនិត្យឃើញថា ស្ពានដែលកំពុងសាងសង់ឡើងដោយក្រុមហ៊ុន OCIC តាំងពីខែតុលា ឆ្នាំ២០១៧ កន្លងមក បច្ចុប្បន្នសម្រេចបានស្ទើរតែទាំងស្រុងគឺនៅសេសសល់តែការងារមួយចំនួនតូចប៉ុណ្ណោះ និងមិនប៉ះពាល់ដល់ការបើកចរាចរណ៍ជាបណ្តោះអាសន្នឡើយ។ បើតាមការបញ្ជាក់របស់រដ្ឋបាលរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ បានបន្តថា ដើម្បីជួយសម្រួលដល់លំហូរចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ក៏ដូចជាជួយដោះស្រាយការកកស្ទះចរាចរណ៍នៅតំបន់ខណ្ឌពាក់ព័ន្ធខាងលើនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះតទៅ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)