ភ្នំពេញ៖ មជ្ឈត្តការផ្នែកពាណិជ្ជកម្ម គឺជាដំណើរការដោះស្រាយវិវាទដោយស្ម័គ្រចិត្តដែលចងភ្ជាប់នូវកាតព្វកិច្ចទៅលើកម្មវត្ថុនៃវិវាទផ្នែកពាណិជ្ជកម្ម រវាងភាគីវិវាទ តាមរយៈការប្រើប្រាស់មជ្ឈត្តករ ម្នាក់ឬច្រើននាក់ ក្រៅផ្លូវតុលាការ។ មជ្ឈត្តករពិនិត្យលើភស្តុតាងដែលភាគីវិវាទបានដាក់ និងចេញសេចក្តីសម្រេចដែលហៅថា «មជ្ឈត្តវិនិច្ឆ័យ»។
តើមជ្ឈត្តករអាជ្ញាកណ្តាល និងចៅក្រមមានតួនាទី និងលក្ខណៈខុសគ្នា យ៉ាងដូចម្តេចដែរ?
- មជ្ឈត្តករ គឺសំដៅដល់មជ្ឈត្តករផ្នែកពាណិជ្ជកម្មដែលជារូបវន្តបុគ្គល មានសញ្ជាតិខ្មែរឬបរទេសដែលជាមជ្ឈត្តករត្រូវចុះបញ្ជីនិងទទួលស្គាល់ដោយមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការ ផ្នែកពាណិជ្ជកម្ម “ម.ជ.ម” ដែលស្ថិតក្រោមច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម។
- អាជ្ញាកណ្តាល គឺសំដៅដល់អាជ្ញាកណ្តាលការងារនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលស្ថិតនៅក្រោមច្បាប់ស្តីពីការងារ។
- ចៅក្រម គឺសំដៅដល់ចៅក្រមអាសនៈ រួមមាន ជាអាទិ៍ ចៅក្រមជម្រះក្តី និងចៅក្រមស៊ើបសួរ ដែលបម្រើការនៅតុលាការ ដែលស្ថិតក្រោមច្បាប់ស្តីពី លក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា។
មជ្ឈត្តករដំបូងនៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម “ម.ជ.ម” មានកម្រិតចំណេះដឹងយ៉ាងហោចណាស់បរិញ្ញាបត្រ ហើយបានឆ្លងកាត់ការបណ្តុះបណ្តាលលើជំនាញផ្នែកមជ្ឈត្តការ និងច្បាប់ពាណិជ្ជកម្មយ៉ាងត្រឹមត្រូវ ពីជំនាញការបរទេស ជាពិសេសអ្នកជំនាញដែលជាមជ្ឈត្តករបរទេសមកពីសិង្ហបុរី ដូចជា ស្ថាប័នមជ្ឈត្តករសិង្ហបុរី (Singapore Institute of Arbitrators) និងមជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិសិង្ហបុរី (Singapore International Arbitration Center) ជាដើម ហើយព្រមទាំងត្រូវបានឆ្លងកាត់ការប្រឡងយ៉ាងតឹងរ៉ឹងនិងត្រឹមត្រូវពីអ្នកជំនាញការ។
តើមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម “ម.ជ.ម” ជាស្ថាប័ន អង្គការអ្វី ហើយមានតួនាទីអ្វីខ្លះ? បង្កើតឡើងចាប់តាំងពីពេលណា? តើអង្គការនេះ ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ស្ថាប័នរដ្ឋឬឯកជនណាដែរ? តើវាមានយុត្តាធិការ និងដែនសមត្ថកិច្ចដោះស្រាយលើវិវាទរឿងក្តីអ្វីខ្លះដែរ?
មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងស្ថិតនៅក្រោមច្បាប់ស្តីពីមជ្ឈត្តកម្ម ផ្នែកពាណិជ្ជកម្ម ឆ្នាំ២០០៦ និងអនុក្រឹត្យលេខ១២៤ អនក្រ.បក ចុះថ្ងៃ ទី១២ ខែសីហា ឆ្នាំ២០០៩ គឺជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ និងមានទីស្នាក់ការនៅរាជធានីភ្នំពេញ។ ម.ជ.ម ជាអង្គភាពឯករាជ្យមិនស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ស្ថាប័នរដ្ឋ ឬឯកជនណាឡើយ។
ម.ជ.ម មានតួនាទីនិងភារកិច្ចដូចខាងក្រោម៖
- ជំរុញវិស័យមជ្ឈត្តការផ្នែកពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា
- ផ្តល់ការបណ្តុះបណ្តាលនិងហ្វឹកហ្វឺនបុគ្គលដែលកំពុងអនុវត្តនិងបុគ្គលដែលមានបំណងអនុវត្តវិជ្ជាជីវៈ ជាមជ្ឈត្តករដើម្បីធានាឱ្យមជ្ឈត្តការផ្នែកពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានគុណភាពខ្ពស់។
- កំណត់ពីលក្ខណសម្បត្តិនៃបុគ្គលដែលមានបំណងចូលជាសមាជិក របស់ ម.ជ.ម។
- ផ្តល់សេវាដោះស្រាយវិវាទផ្នែកពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការ។
- រៀបចំសន្និសីទថ្នាក់ជាតិ និងអន្តរជាតិ ក្នុងគោលដៅជំរុញវិស័យមជ្ឈត្តការផ្នែកពាណិជ្ជកម្ម។
- រៀបចំចូលរួមសិក្ខាសាលានិងវគ្គសិក្សាលើប្រធានបទទាក់ទងនឹងមជ្ឈត្តការផ្នែកពាណិជ្ជកម្ម។
- ប្រមូលបោះពុម្ព និងផ្សព្វផ្សាយព័ត៌មាន អត្ថបទនិពន្ធ សៀវភៅ និងឯកសារសោតទស្សន៍ឬហ្វូនូក្រាម ដែលទាក់ទងនឹងមជ្ឈត្តការផ្នែកពាណិជ្ជកម្ម។
- គ្រប់គ្រងនិងចាត់ចែងទ្រព្យសម្បត្តិ របស់ ម.ជ.ម។
- រៀបចំបណ្ណាល័យ និងបន្ទប់ផ្សេងៗសម្រាប់បម្រើសេវាទាក់ទងនឹងមជ្ឈត្តការផ្នែកពាណិជ្ជកម្ម។
- ចុះកិច្ចព្រមព្រៀងនានាដែលចាំបាច់ក្នុងការបំពេញមុខងាររបស់ខ្លួន។
- បំពេញមុខងារផ្សេងៗទៀតតាមការកំណត់របស់មហាសន្និបាត ម.ជ.ម៕